ក្តីសង្ឃឹមក្នុងការឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ាហាក់កំពុងរលាយបាត់ទៅវិញ បន្ទាប់ពីកិច្ចចរចាកម្រិតកំពូលជាប្រវត្តិសាស្ត្រនៅទីក្រុងអ៊ីស្លាម៉ាបាដ បានបញ្ចប់ទៅដោយគ្មានលទ្ធផលកាលពីសប្តាហ៍មុន។ ទោះបីជាប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហាញភាពវិជ្ជមានថា អាចនឹងមានការជួបពិភាក្សាផ្ទាល់បន្ថែមទៀតនៅចុងសប្តាហ៍នេះក៏ដោយ ប៉ុន្តែក្រុមអ្នកការទូតជឿជាក់ថា វាមិនមែនជារឿងដែលអាចទៅរួចនោះឡើយ។
ថ្លែងក្នុងកិច្ចប្រជុំការទូតនាទីក្រុងអានតាល់យ៉ា ប្រទេសទួកគីលោក សាអ៊ីដ ខាទីបសាដេ (Saeed Khatibzadeh) អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ៗថា អ៊ីរ៉ង់មិនចង់ដើរចូលក្នុងកិច្ចប្រជុំដែលបរាជ័យ ហើយក្លាយជាលេសសម្រាប់ការបង្កើនភាពតានតឹងនោះទេ។ មូលហេតុដែលអ៊ីរ៉ង់មិនអាចឈានដល់កិច្ចព្រមព្រៀងបាន គឺដោយសារតែវិធីសាស្ត្រជ្រុលនិយមរបស់អាមេរិកលើកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់។
អ្វីដែលជាការព្រួយបារម្ភបំផុតសម្រាប់សេដ្ឋកិច្ចសាកល គឺការដែលអ៊ីរ៉ង់ប្រកាសរឹតបន្តឹង និងបិទច្រកសមុទ្រហ័រម៉ូសជាថ្មីកាលពីថ្ងៃទី១៨ ខែមេសា ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់នាវិកដឹកជញ្ជូនថាមពលជុំវិញពិភពលោក។ ជាការឆ្លើយតប លោក ដូណាល់ ត្រាំ បានព្រមានត្រឡប់ទៅវិញថា ទីក្រុងតេអេរ៉ង់មិនអាចប្រើប្រាស់ការបិទផ្លូវទឹកអន្តរជាតិនេះមកធ្វើជាឧបករណ៍គំរាមកំហែងសហរដ្ឋអាម៉េរិកបានឡើយ។
ភាពរឹងត្អឹងរៀងៗខ្លួនរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានរុញច្រានឱ្យបទឈប់បាញ់ដ៏ផុយស្រួយកន្លងមក ឈានទៅរកភាពមិនច្បាស់លាស់ជាថ្មី។ ខណៈដែលច្រកសមុទ្រហ័រម៉ូស នៅតែបន្តជាប់គាំង ដែលធ្វើឱ្យពិភពលោកកំពុងតាមដានយ៉ាងអន្ទះសារថា តើអាម៉េរិកនឹងសម្រេចចិត្តបន្តការចរចា ឬក៏ត្រូវប្រើវិធានការក្តៅដើម្បីបើកផ្លូវសមុទ្រដ៏សំខាន់មួយនេះឡើងវិញ?
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស