សារព័ត៌មាន The Nation បាយរាយការណ៍ថា ស្របពេលដែលវិបត្តិថាមពលនៅមជ្ឈិមបូព៌ាកំពុងឡើងកម្តៅខ្លាំង មូលនិធិរូបិយវត្ថុអន្តរជាតិបានផ្ដល់គំនិតឱ្យអាស៊ាន ជាពិសេសប្រទេសថៃ ត្រូវផ្តល់អាទិភាពខ្ពស់លើការប្រើប្រាស់កញ្ចប់ថវិកាគាំទ្រផ្នែកហិរញ្ញវត្ថុឱ្យចំគោលដៅ និងគួរពន្យារពេលការកាត់បន្ថយអត្រាការប្រាក់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។
ថ្លែងក្នុងកិច្ចប្រជុំនិទាឃរដូវឆ្នាំ២០២៦ កាលពីពេលថ្មីៗ លោក គ្រីស្នា ស្រ៊ីនីវ៉ាសាន (Krishna Srinivasan) ប្រធាននាយកដ្ឋានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានលើកឡើងពីបញ្ហាប្រឈមធំៗពីរ ដែលតំបន់នេះកំពុងជួបប្រទះ គឺការរក្សាសន្ទុះកំណើនសេដ្ឋកិច្ច និងការទប់ទល់នឹងវិបត្តិថាមពល។
យ៉ាងណាមិញលោកបានកត់សម្គាល់ថា បំណុលសាធារណៈរបស់ថៃ ដែលស្ថិតក្នុងរង្វង់ពី៦៥% ទៅ ៦៦% នៃ GDP ត្រូវបានចាត់ទុកថា ស្ថិតក្នុងកម្រិតខ្ពស់ បើធៀបនឹងបណ្ដាប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ អ្វីដែលកាន់តែបារម្ភនោះ គឺសេដ្ឋកិច្ចថៃមានភាពងាយរងគ្រោះខ្លាំងពីវិបត្តិតម្លៃថាមពល ដ្បិតថាការប្រើប្រាស់ប្រេង និងឧស្ម័នមានអត្រាលើសពី១០% នៃ GDP ខណៈការនាំចូលសុទ្ធមានរហូតដល់ ៨% នៃ GDP។ តួលេខនេះធ្វើឱ្យថៃ ក្លាយជាប្រទេសពឹងផ្អែកលើការនាំចូលថាមពលខ្លាំងបំផុតមួយក្នុងតំបន់ឈរនៅលំដាប់បន្ទាប់ពីប្រទេសសិង្ហបុរី។
ជាការឆ្លើយតប IMF បានជំរុញឱ្យរដ្ឋាភិបាលថៃ និងបណ្ដាប្រទេសនៅតំបន់អាស៊ាន បង្កើនការប្រុងប្រយ័ត្នផ្នែកហិរញ្ញវត្ថុ ដោយត្រូវជៀសវាងការឧបត្ថម្ភធនលើប្រេងឥន្ធនៈក្នុងទ្រង់ទ្រាយធំដែលមិនចំគោលដៅ។ ជាមួយគ្នានេះអ្នកជំនាញយល់ថា បើទោះបីជាបំណុលក្នុងកម្រិត៦៦% នៃ GDP មិនទាន់ជាវិបត្តិដែលផ្ទុះឡើងភ្លាមៗក៏ដោយ ប៉ុន្តែវាគឺជាសញ្ញាព្រមានដ៏សំខាន់ ដែលតម្រូវឱ្យមានការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងតឹងរ៉ឹងបំផុត ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចក្នុងរយៈពេលវែង៕
ដោយៈ សរ សុជាតិ