លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា និន្នាការនៃការងាកទៅប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺជាទិសដៅវិជ្ជមានមួយសម្រាប់ការរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសបន្ទាប់ពីកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅក្នុងស្រុកតែម្តង។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈវត្តមានរបស់រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន Zo Motors Cambodia នេះ មិនត្រឹមតែជួយជំរុញការអភិវឌ្ឍឧស្សាហកម្មរថយន្តរយៈពេលវែងនៅកម្ពុជាប៉ុណ្ណោះទេ តែវានឹងរួមចំណែកកាន់តែសំខាន់ក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីក្នុងស្រុក ដែលនឹងបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា ឱ្យកាន់តែប្រសើរ។
ស្រដៀងគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា តែងតែជំរុញ និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ឱ្យបានច្រើន ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។ ដូច្នេះតាមរយៈរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញនៅកម្ពុជានេះ វានឹងកាន់តែជំរុញឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងវិស័យដឹកជញ្ជូនកាន់តែច្រើន ដែលនឹងជួយកាត់បន្ថយការចំណាយ ព្រមទាំងបង្កើនការប្រកួតប្រជែងក្នុងវិស័យនេះបន្ថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Zo Motors Cambodia បានឱ្យដឹងថា រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីរបស់ខ្លួនមានសមត្ថភពផ្គុំ និងដំឡើងរថយន្តបានប្រមាណ៧ពាន់គ្រឿងក្នុង១ឆ្នាំ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ រថយន្តអគ្គិសនីប្រភេទអាជីវកម្មផលិតនៅកម្ពុជាដំបូងរបស់ក្រុមហ៊ុនខ្លួនគ្រោងដាក់ឱ្យដំណើរការប្រើប្រាស់ក្នុងស្រុក និងចែកចាយលក់នៅលើទីផ្សារក្នុងតំបន់នៅអំឡុងខែសីហា ខាងមុខនេះ។ សម្រាប់អ្នកជំនាញរូបនេះ ការប្រើប្រាស់រថយន្តអគ្គិសនីក្នុងវិស័យដឹកជញ្ជូនមិនត្រឹមតែជួយសន្សំសំចៃថ្លៃដើមនោះទេ ថែមទាំងជាមេដែកជួយទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីរួចរាល់ហើយ ដោយមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់។ ក្រៅពីការនាំមកនូវបច្ចេកវិទ្យាទំនើប គម្រោងដែលមានតម្លៃវិនិយោគ៤៦លានដុល្លារនេះ ក៏នឹងផ្ដល់ឱកាសការងារដោយផ្ទាល់ចំនួន៤២៨កន្លែងជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕