ទោះជាយ៉ាងណា ជុំវិញព័ត៌មាន នៃការរឹតត្បិតការលេងជះទឹក បានធ្វើឱ្យមានការវែកញែកយ៉ាងច្រើនពីមហាជន ដោយពួកគេបារម្ភថា អាចធ្វើឱ្យប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរ។ តើការលេងជះទឹកពិតជាអាចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប មែនឬទេ?
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមយល់ឃើញថា ការលើកទឹកចិត្តឱ្យមានការចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ គឺជារឿងប្រសើរបំផុត ដែលពលរដ្ឋខ្មែរគួរចូលរួមលើកតម្កើងលេងកម្សាន្តឱ្យបានច្រើនដូចជាល្បែងចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ និងលាក់កន្សែងជាដើម ដែលសុទ្ធសឹងជាអត្តសញ្ញាណជាតិខ្មែរដ៏សម្បូរបែប។
យ៉ាងណាមិញ ចំពោះការលេងជះទឹក និងបាតម្សៅវិញ អ្នកជំនាញរូបនេះយល់ឃើញថា ក៏គួរបន្តឱ្យមានការលេងកម្សាន្តដូចរាល់ឆ្នាំដែរ ប្រសិនបើការលេងនោះមិនបង្កគ្រោះថ្នាក់ណាមួយទេ ដើម្បីជាការទាក់ទាញឱ្យពលរដ្ឋបន្តទៅលេងកម្សាន្តនៅខេត្តសៀមរាបច្រើនដូចរាល់ឆ្នាំ។ សម្រាប់អ្នកជំនាញរូបនេះ ការលេងជះទឹកពេលបុណ្យចូលឆ្នាំខ្មែរ គឺមាននៅកម្ពុជា តាំងពីយូរមកហើយ ប៉ុន្តែគ្រាន់តែការលេងពីជំនាន់មុនមានលក្ខណៈខុសគ្នាពីពេលបច្ចុប្បន្ននេះ។
ពាក់ព័ន្ធនឹងការងឿងឆ្ងល់របស់មហាជនជុំវិញការរឹតត្បិតការលេងជះទឹកនៅក្នុងពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកំពុងមានការជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្តាញសង្គម លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបកស្រាយថា អាជ្ញាធរពុំបានហាមឃាត់ដាច់ខាត ឬដាក់ពិន័យអ្វីនោះឡើយ គ្រាន់តែស្នើឱ្យពលរដ្ឋលេងដោយការទទួលខុសត្រូវខ្ពស់ និងរក្សាសណ្តាប់ធ្នាប់។ លោកបន្ថែមថា ឆ្នាំនេះរដ្ឋបាលខេត្តពុំមានការរៀបចំរថយន្តបាញ់ទឹកសម្រាប់សង្ក្រាន្តនោះទេ ប៉ុន្តែពលរដ្ឋនៅតែអាចលេងជះទឹកបានធម្មតា តែត្រូវធានាថា មិនបង្កបញ្ហាណាមួយ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នឹងរៀបចំកម្មវិធីមួយចំនួន ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងវិស័យផ្សេងៗទៀតទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។
គួរបញ្ជាក់ថា ក្រោយរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយបានបញ្ជាក់អំពីការចៀសវាងទប់ស្កាត់ការលេងល្បែងជះទឹក នាពេលថ្មីៗនេះ មានមតិពលរដ្ឋជាច្រើនបានបង្ហាញការខកចិត្ត ក្នុងការទៅលេងកម្សាន្តនៅខេត្តសៀមរាប នៅឆ្នាំនេះ និងបានស្នើឱ្យមានការរៀបចំការលេងជះទឹកក្នុងតំបន់មួយចំនួនដូចជា Pub Street ជាដើម ដើម្បីជាការរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនកុះករ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តសៀមរាប៕