ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ក្រុមមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង៤ រួមមាន Air Cambodia, AirAsia Cambodia, Cambodia Airways និង Sky Angkor Airlines ដែលបានដំឡើងថ្លៃជាមធ្យមចន្លោះ២០% ទៅ៣០% ក្នុងពេលប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់ ពេលនេះបានបញ្ចុះថ្លៃមកវិញប្រមាណ៥% ក្រោយតម្លៃប្រេងហាក់មានភាពធូរស្បើយ។ តែយ៉ាងណាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដូចជា Qatar Airways, Singapore Airlines, Air China និង Malaysia Airlines ជាដើមបានដំឡើងថ្លៃប្រមាណ៤៥ដុល្លារ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា តម្លៃប្រេងឥន្ធនៈ គឺជាកត្តាសំខាន់ដោយវាស្រូបយកការចំណាយប្រមាណ៣០% ទៅ៤០% នៃប្រតិបត្តិការជើងហោះហើរអន្តរជាតិជារួម។
ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ឃើញថា មកទល់ពេលនេះ សំបុត្រយន្តហោះចេញចូលកម្ពុជា ហាក់មានភាពប្រសើរខ្លះហើយ តែនៅពុំទាន់ស្ថិតក្នុងតម្លៃដូចមុនពេលផ្ទុះសង្រ្គាមនៅមជ្ឈិមបូព៌ានៅឡើយទេ។ ភាពប្រសើរនៃតម្លៃសំបុត្រយន្តហោះនេះត្រូវបានអ្នកជំនាញរូបនេះអះអាងថា ក៏ដោយសារតែមានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ាបានដាក់ចេញកម្មវិធីប្រម៉ូសិនបង្កភាពងាយស្រួលជូនដល់អ្នកដំណើរ។ តែយ៉ាងណាអ្នកជំនាញរូបនេះមិនបានបញ្ជាក់លម្អិតពីការធ្លាក់ចុះនៃតម្លៃសំបុត្រយន្តហោះនាពេលបច្ចុប្បន្ននោះទេ។
មិនខុសគ្នានេះទេ លោក ម៉េត សុជាតិ អគ្គលេខាធិការសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះសំបុត្រយន្តហោះហាក់ស្ថិតក្នុងតម្លៃសមរម្យ និងមិនមានការឡើងថ្លៃដូចមុនពេលផ្ទុះសង្រ្គាមនៅមជ្ឈិមបូព៌ានោះទេ ដោយសារសកម្មភាពហោះហើររបស់ក្រុមហ៊ុនក្នុងតំបន់មជ្ឈិមបូព៌ាទៅបណ្ដាប្រទេសនានាមានប្រតិបត្តិការហោះហើរជាប្រក្រតីឡើងវិញ។
គួររំលឹកថា វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានាពេលកន្លងទៅបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃប្រេងឥន្ធនៈសកល និងបានរំខានដល់ខ្សែច្រវាក់ នៃការតភ្ជាប់ជើងហោះហើររវាងទ្វីបអឺរ៉ុប អាម៉េរិក និងអាស៊ី ដោយសារយន្តហោះត្រូវវាងផ្លូវហោះហើរ។ កត្តានេះបានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដំឡើងថ្លៃសំបុត្រចន្លោះពី១០ដុល្លារទៅ១០០ដុល្លារ ដែលធ្វើឱ្យមានការបារម្ភពីការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ។ ទោះជាយ៉ាងណាបើយោងតាមទិន្នន័យផ្លូវការពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅឆមាសទី១ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាទទួលបានជើងហោះហើរចេញ-ចូលចំនួនជាង៣ម៉ឺន២ពាន់ជើងជាមួយអ្នកដំណើរចេញ-ចូលជាង៣លាននាក់មានការថយចុះប្រមាណ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ បច្ចុប្បន្ននេះ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៣ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៩ក្រុមហ៊ុន៕
អត្ថបទ៖ បូ ដូឡា