លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ទីផ្សារអចលនទ្រព្យបច្ចុប្បន្នកំពុងស្ថិតក្នុងយន្តការកែតម្រូវតម្លៃឱ្យមានលំនឹង ដោយតម្លៃអចលនទ្រព្យនៅទូទាំងប្រទេសកំពុងធ្លាក់ចុះជាមធ្យមប្រមាណ៤% ដែលកត្តានេះបានជួយជំរុញឱ្យទិន្នន័យនៃការលក់កើនឡើង៣០% ហើយកម្លាំងទិញពីសំណាក់អតិថិជនក្នុងស្រុកបានកើនឡើងរហូតដល់៦០%ឯណោះ។
ទោះជាយ៉ាងណាតម្លៃជួលមានអត្រាផលចំណេញខ្ពស់គួរឱ្យកត់សម្គាល់ចន្លោះពី៦,៥%ទៅ៨% ដែលអត្រានេះខ្ពស់ជាងតម្លៃជួលនៅក្នុងប្រទេសសិង្ហបុរីទៅទៀត។ អ្នកជំនាញរូបនេះមើលឃើញថា ដើម្បីបង្កើនលទ្ធភាពទិញរបស់ប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងបន្ថែមទៀត រាជរដ្ឋាភិបាលគួររៀបចំយុទ្ធសាស្ត្រសាងសង់លំនៅឋានលំដាប់កណ្តាលសម្រាប់យុវវ័យ ក៏ដូចជាការបង្កើតប៉ូលសេដ្ឋកិច្ចថ្មីៗ និងការជំរុញឱ្យមានយន្តការបង់រំលោះរយៈពេលវែង ដែលមានអត្រាការប្រាក់ទាប ឬគ្មានការប្រាក់ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ពលរដ្ឋ។
ដោយឡែក លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះទីផ្សារអចលនវត្ថុមិនបាននៅទ្រឹង ឬជាប់គាំងនោះទេ ដោយសារវាកំពុងកែតម្រូវទីផ្សារ តែយ៉ាងណាការបញ្ជាទិញហាក់នៅមានសភាពយឺតមិនសូវស្ទុះដូចពេលមុន ពោលគឺមិនដូចកាលពីមុនកូវីដ-១៩ នោះទេ។ បើតាមលោក ស៊ា ឆៃលីន ដើម្បីអាចជំរុញកំណើនបញ្ជាទិញបានច្រើនបន្ថែមទៀតតម្រូវឱ្យរដ្ឋាភិបាលកំណត់តម្លៃឱ្យមានតម្លាភាព និងមានតម្លៃស្ដង់ដានៅតំបន់ណាមួយ ជាពិសេសការជួយអន្តរាគមន៍ពន្លឿនដោះស្រាយរាល់បញ្ហា ដែលជាប់គាំងរវាងម្ចាស់គម្រោងជាមួយអ្នកទិញ ដើម្បីស្ដារទំនុកចិត្តបញ្ជាទិញ និងលក់ក្នុងវិស័យអចនទ្រព្យឱ្យមានប្រសិទ្ធិភាពបន្ថែមទៀត។
បើយោងតាមរបាយការណ៍វិភាគរបស់ក្រុមហ៊ុនពិគ្រោះយោបល់អចលនទ្រព្យអន្តរជាតិ Knight Frank Cambodia បានបង្ហាញថា តម្រូវការអចលនទ្រព្យក្នុងស្រុកនាពេលបច្ចុប្បន្នកំពុងប្រមូលផ្តុំខ្លាំងលើប្រភេទលំនៅឋានជាប់ដី ដែលមានតម្លៃសមរម្យ និងតម្លៃមធ្យម។ ក្នុងនោះប៉ូលអភិវឌ្ឍន៍ដែលមានសក្តានុពលខ្លាំងសម្រាប់ការរីកលូតលាស់រួមមានតំបន់ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ ខណៈលំហូរនៃការអភិវឌ្ឍនៅទីក្រុងភ្នំពេញកំពុងបន្តរីកចម្រើនឆ្ពោះទៅទិសខាងត្បូងសំដៅទៅកាន់តំបន់អាកាសយានដ្ឋានអន្តរជាតិថ្មី៕
អត្ថបទ៖ ជា ម៉ារ៉ា