មន្ទីរបញ្ចកោណអាម៉េរិកបានបណ្តេញលោក ចន ហ្វីលេន លេខាធិការកងទ័ពជើងទឹកអាម៉េរិកចេញពីតំណែងភ្លាមៗកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ ទោះបីជាគ្មានហេតុផលផ្លូវការត្រូវបានលើកឡើង ប៉ុន្តែប្រភពផ្ទៃក្នុងបានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា ដើមចមពិតប្រាកដ គឺដោយសារភាពយឺតយ៉ាវក្នុងការអនុវត្តកំណែទម្រង់ផលិតនាវាចម្បាំង និងជម្លោះការងារដ៏រ៉ាំរ៉ៃជាមួយថ្នាក់ដឹកនាំកំពូលៗរបស់មន្ទីរបញ្ចកោណ។
លោក ចន ហ្វីលេន មានទំនាក់ទំនងមិនសូវល្អជាមួយរដ្ឋមន្ត្រីការពារជាតិលោក ភីត ហេកសេត (Pete Hegseth) និងអនុរដ្ឋមន្ត្រីលោក ស្ទីវ ហ្វេនប៊ឺក (Steve Feinberg)។ ការដកតំណែងលោក ចន ហ្វីលេន គឺជាផ្នែកមួយ នៃយុទ្ធសាស្ត្រផ្លាស់ប្ដូរមុខមាត់យោធាអាម៉េរិកថ្មីក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ។ កន្លងមកលោក ហេកសេត បានបណ្ដេញមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់ រួមមានលោកឧត្តមសេនីយ៍ឯក ស៊ី ឃ្យូ ប្រោន (C.Q. Brown) អតីតនាយអគ្គសេនាធិការចម្រុះ, មេបញ្ជាការកងទ័ពជើងគោក និងនាយរងសេនាធិការកងទ័ពអាកាស។
ការផ្លាស់ប្តូរមន្ត្រីកងទ័ពជើងទឹកនៅពេលនេះកើតឡើងចំពេលសហរដ្ឋអាម៉េរិកកំពុងពង្រាយកងនាវាចម្បាំងកាន់តែច្រើនទៅកាន់មជ្ឈិមបូព៌ា ដើម្បីអនុវត្តយុទ្ធសាស្ត្រឡោមព័ទ្ធ និងបិទខ្ទប់ច្រកសមុទ្រ និងកំពង់ផែសំខាន់ៗរបស់អ៊ីរ៉ង់។ គោលដៅចុងក្រោយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺប្រើប្រាស់អំណាចជើងទឹក ដើម្បីបង្ខំឱ្យទីក្រុងតេអេរ៉ង់ឱ្យចុះចាញ់ក្នុងលក្ខខណ្ឌចរចាបញ្ចប់ជម្លោះ៕អត្ថបទៈ សួន ឡង់ទី