សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃប្រទេសកម្ពុជាបានចាត់ទុកវត្តមានរបស់ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិននៅកម្ពុជាថា ជាសក្ខីភាពនៃទំនុកចិត្តកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ទោះបីជាស្ថានភាពសកលលោកមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងណាក៏ដោយ ក៏មិត្តភាពកម្ពុជា-ចិននៅតែរក្សាជំហររឹងមាំ ហើយនឹងបន្តរីកចម្រើនទៅមុខដោយគ្មានការងាករេ។
ជាការឆ្លើយតបលោក វ៉ាង យី បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចតេជោ ដែលជាអ្នកកសាងគ្រឹះនៃមិត្តភាពដែកថែបនេះ។ លោកវ៉ាងយី បានបញ្ជាក់ថា ទំនាក់ទំនងនេះកំពុងបន្តរីកដុះដាលយ៉ាងល្អប្រសើរក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក វ៉ាង យី បានសង្កត់ធ្ងន់នូវចំណុចដ៏សំខាន់មួយថា មិត្តភាពដែកថែបនេះមិនមែនមានត្រឹមតែឈ្មោះនោះទេ ប៉ុន្តែវាជាមិត្តភាពដែលស្ដែងចេញតាមរយៈសកម្មភាព និងលទ្ធផលជាក់ស្ដែង។
ជាមួយគ្នានេះ ភាគីចិនបានអះអាងជាថ្មីនូវការបន្តគាំទ្រឥតងាករេចំពោះការអភិវឌ្ឍនៅកម្ពុជា ដែលស្របទៅនឹងគោលការណ៍នៃសហគមន៍វាសនារួមក្នុងយុគសម័យថ្មី។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែបម្រើឱ្យផលប្រយោជន៍យុទ្ធសាស្ត្ររវាងរដ្ឋបាលទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវផលប្រយោជន៍ពិតប្រាកដដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងស្ថិរភាពសន្តិសុខក្នុងតំបន់។
ជំនួបនាថ្ងៃនេះ គឺជាការបញ្ជូនសារនយោបាយដ៏មានឥទ្ធិពលទៅកាន់ឆាកអន្តរជាតិថា សម្ព័ន្ធភាពកម្ពុជា-ចិន មិនមែនជាទំនាក់ទំនងតាមរដូវកាលនោះទេ ប៉ុន្តែវាជាមិត្តភាពដែលបានឆ្លងកាត់ការសាកល្បង នៃពេលវេលា និងស្ថានភាពភូមិសាស្ត្រនយោបាយ។ តាមរយៈការបញ្ជាក់ជំហរដ៏រឹងមាំនេះ ប្រទេសទាំងពីរបានបង្ហាញពីមហិច្ឆតាក្នុងការដើរតួជាសសរស្តម្ភនៃស្ថិរភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ