ក្រុមគ្រួសាររបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កំពុងដំណើរការនីតិវិធីចុះបញ្ជីពាណិជ្ជសញ្ញា ឬកម្មសិទ្ធិបញ្ញាលើឈ្មោះលោក ត្រាំ ដោយគោលដៅដំបូងផ្តោតលើអាកាសយានដ្ឋាន។ ទោះជាបែបនេះក្តី ក្រុមគ្រួសារលោក ត្រាំ មិនមានគម្រោងគិតថ្លៃសេវាលើការប្រើប្រាស់ឈ្មោះនេះនៅឡើយទេ ពោលគឺគ្រាន់តែចង់រក្សាសិទ្ធិការពារតាមផ្លូវច្បាប់តែប៉ុណ្ណោះ។
តំណាងក្រុមហ៊ុន Trump Organization ដែលជាក្រុមហ៊ុនបណ្តាក់ទុនរបស់លោក ត្រាំ បានអះអាងថា ការស្នើសុំសិទ្ធិនេះ គឺដើម្បីការពារ និងទប់ស្កាត់ជនខិលខូចកុំឱ្យយកឈ្មោះរបស់លោក ត្រា ទៅប្រើប្រាស់ក្នុងគោលបំណងមិនល្អ ឬប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ។
ទោះបីបច្ចុប្បន្នលោក ត្រាំ និងក្រុមគ្រួសារលោកប្រកាសមិនទាន់យកកម្រៃជើងសារ ឬគិតគូរផលប្រយោជន៍ហិរញ្ញវត្ថុណាមួយពីការប្រើប្រាស់ឈ្មោះនេះក៏ដោយ តែអ្នកជំនាញនៅតែមានចម្ងល់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះនាពេលអនាគត ខណៈក្រុមហ៊ុនលោក ត្រាំ នៅមិនទាន់ឆ្លើយតបច្បាស់លាស់ជុំវិញបញ្ហានេះនៅឡើយទេ។
បើតាមការអះអាងរបស់លោក ចូ ហ្គេបេន (Josh Gerben) មេធាវីផ្នែកពាណិជ្ជសញ្ញាម្នាក់នៅអាម៉េរិកនេះជាលើកដំបូងហើយ ដែលមានការស្នើសុំចុះបញ្ជីពាណិជ្ជសញ្ញាលើឈ្មោះប្រធានាធិបតីបែបនេះ៕