
លោក ស៊ូគូម៉ា ស៊ូប្រាម៉ានៀម (Sukumar Subramaniam) នាយកគ្រប់គ្រងក្រុមហ៊ុនផលិតផលិតផលវាយនភណ្ឌមួយនៅភាគខាងត្បូង ប្រទេសឥណ្ឌា បាននិយាយថា ក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុនរាប់ពាន់ទៀតកំពុងប្រឈមមុខនឹងការចរចាដ៏លំបាកមួយចំនួន ពាក់ព័ន្ធនឹងពន្ធគយ៥០% របស់អាម៉េរិក ដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់លើការនាំចូលទំនិញពីឥណ្ឌា ដែលជាចំនួនមួយច្រើនជាងគេបំផុតនៅតំបន់អាស៊ី។
ក្រោយពីពន្ធគយ៥០% របស់អាម៉េរិក ដាក់លើការនាំចូលពីឥណ្ឌាបានចូលជាធរមាននៅថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុនលក់រាយអាម៉េរិក Dollar General បានស្នើសុំឱ្យលោក ស៊ូប្រាម៉ានៀម កាត់បន្ថយតម្លៃ១៦% ហើយអតិថិជនផ្សេងទៀតនៅអាម៉េរិក ត្រូវបានគេរំពឹងថា នឹងធ្វើបែបនេះដែរ ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែលោកបានបដិសេធចំពោះការស្នើសុំនេះ ដោយសុំបញ្ចុះតម្លៃត្រឹមតែ៣% ប៉ុណ្ណោះ។
ម្ចាស់ក្រុមហ៊ុនខាងលើ ក៏ដូចជាម្ចាស់ក្រុមហ៊ុនផលិតក្នុងស្រុករាប់ពាន់នាក់ទៀតដែរ គឺកំពុងព្យាយាមបំបាត់ភាពចលាចលកើតឡើងដោយពន្ធគយបដិការរបស់អាម៉េរិក លើឥណ្ឌា។ ការនាំចេញរបស់ឥណ្ឌា បានជាប់ពន្ធ២៥% រួចហើយ តាំងពីថ្ងៃទី៧ ខែសីហា ហើយក្រោយមកអាម៉េរិក បានឡើងបន្ថែម២៥% ទៀត ឡើងដល់៥០% ដើម្បីដាក់ពិន័យចំពោះឥណ្ឌា ដែលបានបន្តទិញប្រេងពីរុស្ស៊ីដ៏ច្រើនសន្ធឹកសន្ធាប់ ដែលលោក ត្រាំ បានចោទថា កំពុងបញ្ឆេះម៉ាស៊ីនសង្រ្គាម។
ពន្ធគយនេះ បានធ្វើឱ្យការនាំចូលពីឥណ្ឌា មានតម្លៃថ្លៃជាងមុន ដែលបានជំរុញឱ្យអ្នកទិញនៅអាម៉េរិក ស្វែងរកការបញ្ចុះតម្លៃ ដែលធ្វើឱ្យអ្នកផ្គត់ផ្គង់ឥណ្ឌាជួបការលំបាកក្នុងការដោះស្រាយលើបញ្ហានេះ ព្រោះថា ប្រសិនបើពួកគេយល់ព្រមកាត់បន្ថយតម្លៃ ពួកគេនឹងបំផ្លាញប្រាក់ចំណេញ ប៉ុន្តែបើមិនសម្របតាមលក្ខខណ្ឌថ្មីទេ ពួកគេអាចប្រឈមនឹងការរបូតចេញពីទីផ្សារមហាអំណាចសេដ្ឋកិច្ចដ៏ធំជាងគេលើពិភពលោកមួយនេះ៕
ដោយ៖ សុខ មង្គល