ចិន កំពុងប្រើប្រាស់ឥទ្ធិពលការទូតរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យអនុញ្ញាតឱ្យនាវាដឹកប្រេងឆៅ និងឧស្ម័នធម្មជាតិរាវរបស់កាតា អាចឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយសុវត្ថិភាព ខណៈដែលសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែឡើងកម្ដៅខ្លាំង។ សង្គ្រាមដែលបានអូសបន្លាយពេលចូលដល់ថ្ងៃទី៧នេះ បានធ្វើឱ្យផ្លូវទឹកដ៏សំខាន់បំផុតមួយនេះស្ទើរតែជាប់គាំងទាំងស្រុង ដែលនាំឱ្យការផ្គត់ផ្គង់ថាមពលប្រមាណ១/៥ នៃពិភពលោកត្រូវបានកាត់ផ្ដាច់។ សម្រាប់ប្រទេសចិន ដែលពឹងផ្អែកខ្លាំងលើថាមពលពីមជ្ឈិមបូព៌ាមិនចង់ឃើញតំបន់នេះក្លាយជាតំបន់ខ្វិននោះឡើយ។
ជាលទ្ធផលនាវាដឹកប្រេងប្រមាណ៤គ្រឿងត្រូវបានរាយការណ៍ថា ត្រូវបានបាញ់កម្ទេចដោយកងកម្លាំងអ៊ីរ៉ង់ ដោយសាររំលោភលើបម្រាម ខណៈនាវាជាង៣០០គ្រឿងទៀតកំពុងជាប់គាំងកណ្ដាលសមុទ្រ។ លោក ម៉ាយ ម៉ាកឌូហ្គាល់ (Mike McDougall) អ្នកជំនាញឧស្សាហកម្មក្នុងតំបន់បានបង្ហើបថា បច្ចុប្បន្នមានតែនាវា ដែលមានទង់ជាតិចិនប៉ុណ្ណោះ ដែលទទួលបានអាទិភាពអាចចេញចូលច្រកសមុទ្រនេះបាន។
យ៉ាងណាមិញសហរដ្ឋអាម៉េរិក មិនទាន់អាចគ្រប់គ្រងសន្តិសុខនៅច្រកសមុទ្រហ័រមូសបានទាំងស្រុងនៅឡើយទេ ដែលជាហេតុធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនហាក់ចាប់ផ្ដើមដឹងខ្លួនពីឥទ្ធិពលដ៏គ្រោះថ្នាក់នេះ។ តាមការចុះផ្សាយរបស់សារព័ត៌មាន CNBC អាម៉ែរិក ដែលធ្លាប់តែដាក់សម្ពាធខ្លាំងលើឥណ្ឌាមិនឱ្យទិញប្រេងពីរុស្ស៊ី បែរជាប្តូរឥរិយាបថមកអនុញ្ញាតឱ្យឥណ្ឌាទិញប្រេងរុស្ស៊ីរយៈពេល៣០ថ្ងៃឡើងវិញ ដើម្បីជួយសម្រួលដល់ការកើនឡើង នៃតម្លៃប្រេង។ លើសពីនេះ អាម៉េរិក ក៏កំពុងត្រៀមផ្តល់ការធានារ៉ាប់រងលើហានិភ័យសម្រាប់នាវាដឹកប្រេងទាំងឡាយណា ដែលហ៊ានប្រថុយឆ្លងកាត់តំបន់ជម្លោះនោះផងដែរ៕
ដោយៈ សរ សុជាតិ