
ទីក្រុងដាណាង (Danang) មានភាពល្បីល្បាញជារមណីយដ្ឋានឆ្នេរ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងនេះបានក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពលសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ហើយវាក៏ជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏លេចធ្លោបំផុតមួយរបស់វៀតណាម ជា ពិសេសទីក្រុងនេះ មានទស្សនវិស័យសេដ្ឋកិច្ចខ្ពស់ ការទាក់ទាញ និងហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលខ្លាំងផងដែរ។
ដើម្បីធ្វើឱ្យទីក្រុងនេះ កាន់តែមានភាពល្បីល្បាញបន្ថែមទៀត រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅ បានអនុម័តបង្កើតតំបន់ពាណិជ្ជកម្មសេរីមានទំហំជិត២ពាន់ហិកតានៅក្នុងទីក្រុងនេះ ដែលនឹងផ្តោតលើការជំរុញការបង្កើតថ្មីនៅក្នុងវិស័យផលិតកម្ម ការដឹកជញ្ជូន ពាណិជ្ជកម្ម សេវាកម្ម បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន។
នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញឈិញ បាននិយាយក្នុងឯកសារអនុម័តការបង្កើតតំបន់ពាណិជ្ជកម្មសេរីនេះថា គោលដៅរយៈពេលវែង គឺដើម្បីកសាងតំបន់ពាណិជ្ជកម្មសេរីក្រុងដាណាងនេះឱ្យក្លាយជាផ្នែកដ៏សំខាន់នៃបណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងពិភពលោក និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញសកល។
លោកបានបន្ថែមថា បច្ចេកវិទ្យាជាន់ខ្ពស់ ជីវឱសថ ថាមពល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មអាកាសចរណ៍នឹងត្រូវបានផ្តល់អាទិភាពខ្លាំងបំផុតសម្រាប់តំបន់ពាណិជ្ជកម្មសេរីនេះ ហើយតំបន់ដែលគ្មានការបង់ពន្ធនេះ ក៏នឹងបើកចំហសម្រាប់អ្នកលក់ទំនិញ និងសេវាកម្មដូចជាបដិសណ្ឋារកិច្ច ការអប់រំ សេវាថែទាំសុខភាព និងកីឡាជាដើម។
គោលបំណងនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីនេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម ដែលជាផ្នែកមួយនៃមហិច្ឆតារបស់ប្រទេសនេះ ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៤៥៕
ដោយ៖ សុខ មង្គល