វិស័យពាណិជ្ជកម្ម

អ្នកជំនាញថៃរិះគន់ថា រដ្ឋាភិបាលថៃបានខ្ជះខ្ជាយពេលជាង១ទសវត្សរ៍ មិនអើពើរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម និងទេសចរណ៍សម្រាប់ទីផ្សារចិន


ក្រោយការហូរចូលផលិតផលថៃទៅកាន់ទីផ្សារចិននៅមានកម្រិត ហើយវិស័យទេសចរណ៍កំពុងស្ថិតក្នុងស្ថានភាពបាត់បង់ទំនុកចិត្ត អ្នកជំនាញថៃ បានរិះគន់រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល ថា ហាក់មានការខ្ជះខ្ជាយពេលវេលា និងខ្វះការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម និងទេសចរណ៍ជាមួយប្រទេសចិន។ អ្នកជំនាញនៃសភាពាណិជ្ជកម្មថៃនៅប្រទេសចិន បានរិះគន់ថា កង្វះយុទ្ធសាស្រ្តពាណិជ្ជកម្ម និងទេសចរណ៍ជាមួយចិន នឹងធ្វើឱ្យថៃខាតពេលរហូតដល់១ទស្សវត្សរ៍ឯណោះ។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ផៃជីត វីប៊ុនតាណាសាន (Phaichit Viboontanasarn) អគ្គលេខាធិការសភាពាណិជ្ជកម្មថៃនៅប្រទេសចិនបានរិះគន់រដ្ឋាភិបាលថៃថា ហាក់ខ្វះសមត្ថភាពក្នុងការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្ម និងទេសចរណ៍ជាមួយប្រទេសចិន ដែលជាទីផ្សារដ៏ធំប្រចាំតំបន់អាស៊ី។ ការរិះគន់របស់អ្នកជំនាញថៃរូបនេះ ធ្វើឡើងក្រោយការនាំចេញទំនិញរបស់ថៃទៅចិននៅមានកម្រិត ហើយទេសចរណ៍ថៃកំពុងបាត់បង់ទំនុកចិត្តពីជនជាតិចិន។ អ្នកជំនាញរូបនេះបានចាត់ទុកមួយទសវត្សរ៍កន្លងទៅ ជាទសវត្សរ៍នៃការខាតបាត់បង់សម្រាប់ប្រទេសថៃ ។

ទន្ទឹមនឹងរិះគន់ អគ្គលេខាធិការសភាពាណិជ្ជកម្មថៃរូបនេះបានគូសបញ្ជាក់ថា ថៃបានបរាជ័យក្នុងការពង្រឹងវិស័យពាណិជ្ជកម្មរបស់ខ្លួន ដោយពេលនេះថៃអាចផលប្រយោជន៍ពីទីផ្សារចិនក្នុងចំណែកតិចតួចប៉ុណ្ណោះ បើទោះពីទំហំទីផ្សារចិនធំជាងទីផ្សារថៃរហូតដល់៣៥ដងក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា ថៃបានខ្ជះខ្ជាយពេលវេលាជាងមួយទសវត្សរ៍ ដែលមិនបានរៀបចំយុទ្ធសាស្រ្ត ដើម្បីដណ្តើមចំណែកទីផ្សារចិន។

អ្នកជំនាញរូបនេះបានអះអាងថា ថៃបានបរាជ័យក្នុងការតាមឱ្យទាន់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ប្រទេសចិនលើប្រព័ន្ធបច្ចេកវិទ្យា។ លោកបានចាត់ទុកភាពកម្សោយនេះបានធ្វើឲ្យពលរដ្ឋចិនមើលមកលើប្រទេសថៃថា ហាក់ប្រើប្រាស់យុទ្ធសាស្ត្រលក់ និងចែកចាយទំនិញហួសសម័យ។ លើសពីនេះ ថៃមិនបានវិនិយោគជាប់លាប់លើការអភិវឌ្ឍផលិតផលថ្មីៗ និងខ្វះអត្តសញ្ញាណម៉ាកយីហោដ៏រឹងមាំផងដែរ។

ក្រៅពីបញ្ហាពាណិជ្ជកម្ម ទីផ្សារទេសចរថៃសម្រាប់ជនជាតិចិន ក៏កំពុងជួបបញ្ហាប្រឈមផងដែរ ដោយពេលនេះភ្ញៀវទេសចរចិនបានបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាលថៃក្នុងការធានាសន្តិសុខ និងសុវត្ថិភាពជូនពួកគេ បន្ទាប់ពីមានករណីបាញ់រះនៅកណ្តាលទីក្រុងបាងកក និងការចាប់ជំរិតតារាសម្តែងរបស់ចិនជាដើម។ បច្ចុប្បន្នកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃសម្រាប់អ្នកទេសចរចិនមានតែរូបភាពនៃការក្លែងបន្លំ ការឃុំខ្លួនខុសច្បាប់ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតតែប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកស្លាប់ដោយសារទឹកជំនន់នៅអាស៊ានកើនដល់ជិត៦០០នាក់ ខណៈថៃរងគ្រោះធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៣០០ឆ្នាំ

ការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតមនុស្សដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍នៅសប្តាហ៍នេះ ជាពិសេសនៅប្រទេសមួយចំនួនរួមមានថៃ វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ