ការផ្ទុះអាវុធរបស់ភាគីថៃនេះ ធ្វើឡើងនៅប៉ុន្មានថ្ងៃក្រោយមានការចុះផ្សាយថា កងទ័ពថៃនឹងបើកការប្រហារលើកម្ពុជា នៅតំបន់ថ្មដា និងអូរភ្លុកដំរី នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ តើមានយន្តការបែបណា អាចធ្វើឱ្យថៃ អនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព?
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយយល់ឃើញថា សកម្មភាពផ្ទុះអាវុធរបស់យោធាថៃជាថ្មីនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ខណៈការបង្កហេតុនេះបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ក្រុម អ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការណ៍នេះ ត្រូវបានអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ រូបនេះលើកឡើងថា ថៃពុំមានការខ្លាចញញើតជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាននោះទេ ហើយពួកគេកំពុងហែកចោលកិច្ចព្រមព្រៀងសន្តិភាព។ បើតាមលោកបណ្ឌិត គិន ភា ប្រសិនបើស្ថានភាពនៅតែបែបនេះ នោះនឹងរំខានដល់កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ខណៈបញ្ហានេះ មានតែអាស៊ាន និងមហាអំណាចសហរដ្ឋអាម៉េរិកប៉ុណ្ណោះ ដែលអាចដាក់សម្ពាធការទូតលើប្រទេសថៃ ដើម្បីឱ្យវិលត្រលប់មករកតុចរចាពេញលេញឡើងវិញ។
ដោយឡែកលោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ឃើញថា កម្ពុជានៅតែមានលទ្ធភាពក្នុងការប្រើយន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ខណៈកិច្ចព្រមព្រៀងនានា ដែលមានតម្កល់នៅអង្គការសហប្រជាជាតិ ក៏ជាយន្តការរឹងមាំក្នុងការជួយដោះស្រាយបានផងដែរ។ បើតាមអ្នកជំនាញរូបនេះ កម្ពុជាគួរពន្លឿនក្នុងការប្ដឹងប្រទេសថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ខណៈយន្តការនេះត្រូវបានកម្ពុជាធ្លាប់ប្រើកាលពីអតីតកាលរួចមកហើយ។
( សំឡេងលោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា )
សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែវិច្ឆិកា មានការផ្ទុះអាវុធនៅក្នុងប្រទេសថៃជាប់ព្រំដែនជាមួយកម្ពុជាក្នុងអំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅចំណុចច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការផ្ទុះអាវុធរបស់ភាគីថៃនេះ ធ្វើឡើងនៅប៉ុន្មានថ្ងៃក្រោយមានការចុះផ្សាយថា កងទ័ពថៃនឹងបើកការប្រហារលើកម្ពុជា នៅតំបន់ថ្មដា និងអូរភ្លុកដំរី នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ