លោក ហ្សេឡេនស្គី

លោក ហ្សេឡេនស្គី ថា លោក ត្រាំ ក្បត់ទំនុកចិត្តខ្លួន ក្រោយអ៊ុយក្រែនត្រូវបានរឹតត្បិតការប្រើប្រាស់ប្រព័ន្ធ Starlink


ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា លោកមានអារម្មណ៍ថា ត្រូវបានប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្បត់ទំនុកចិត្ត បន្ទាប់ពីមានការរឹតត្បិតការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink ដែលយោធាអ៊ុយក្រែនពឹងផ្អែកយ៉ាងខ្លាំងក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ វិធានការនេះក៏បានបង្កើនការព្រួយបារម្ភអំពីការបន្តគាំទ្ររបស់សហរដ្ឋអាម៉េរិក ចំពោះទីក្រុងកៀវនាពេលអនាគតផងដែរ។
លោក ហ្សេឡេនស្គី
ដោយ

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយនៅថ្ងៃទី១៥ ខែតុលា លោក ហ្សេឡេនស្គី បានថ្លែងបែបនេះក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយចោទប្រកាន់លោក ត្រាំ ថាកំពុងរើសយកភាគីម្ខាងទៀត បន្ទាប់ពីសង្គ្រាមបានអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ។ ភាពតានតឹងនេះក៏កើតឡើងចំពេលដែលទំនាក់ទំនងរវាងអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកកាន់តែមានភាពស្មុគស្មាញ ដោយសារកិច្ចព្រមព្រៀងរបស់អាម៉េរិកក្នុងការទិញប្រេងម៉ាស៊ូតពីរុស្ស៊ី។
នៅពេលត្រូវបានសួរថា តើលោកមានអារម្មណ៍ថា ត្រូវបានលោក ត្រាំ ក្បត់ទំនុកចិត្តឬទេ ក្រោយមានការរឹតត្បិតការប្រើប្រាស់ Starlink? លោក ហ្សេឡេនស្គី បានឆ្លើយថា លោកពិតជាមានអារម្មណ៍បែបនេះមែន ប៉ុន្តែបញ្ហានេះមានភាពស្មុគស្មាញជាងអារម្មណ៍ផ្ទាល់ខ្លួន។ លោកបានសម្តែងការសោកស្តាយថា អ៊ុយក្រែនកំពុងបាត់បង់ដៃគូដ៏រឹងមាំមួយ។
ប្រព័ន្ធ Starlink ផ្តល់សេវាអ៊ីនធឺណិតតាមរយៈផ្កាយរណប ដែលបង្កើតឡើងដោយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាម៉េរិក លោក អេឡុន ម៉ាស ហើយប្រព័ន្ធដែលប្រើប្រាស់សម្រាប់គោលបំណងយោធាមួយចំនួនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអាម៉េរិក។
យោធាអ៊ុយក្រែនបានរាយការណ៍ថា ប្រព័ន្ធនេះស្រាប់តែលែងដំណើរការសម្រាប់ឧបករណ៍ដែលធ្វើចលនាក្នុងល្បឿនលើសពី ១០០ម៉ាយក្នុងមួយម៉ោង ឬប្រមាណ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយគ្មានការពន្យល់ជាមុន។ ការរឹតត្បិតនេះបានធ្វើឱ្យយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាច្រើនប្រភេទដែលអ៊ុយក្រែនប្រើសម្រាប់វាយប្រហារគោលដៅនៅខាងក្រោយជួរមុខរបស់រុស្ស៊ី ប្រឈមនឹងការរាំងស្ទះប្រតិបត្តិការ។ លើសពីនេះ វាក៏ប៉ះពាល់ដល់ប្រព័ន្ធការពារដែនអាកាសដែលមានប្រសិទ្ធភាពខ្ពស់របស់អ៊ុយក្រែន ក្នុងការស្ទាក់ចាប់ដ្រូនវាយប្រហាររបស់រុស្ស៊ីដែលប្រើម៉ាស៊ីនយន្តហោះផងដែរ។
ការរឹតត្បិត Starlink បានកើតឡើងស្របពេលដែលរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិកលើអ៊ុយក្រែន ដោយគ្មានការព្រមានជាមុនពីសហរដ្ឋអាម៉េរិក ក្នុងរយៈពេល២យប់ជាប់គ្នា។ កន្លងមក អាម៉េរិកតែងតែផ្តល់ព័ត៌មានស៊ើបការណ៍ដល់អ៊ុយក្រែនអំពីការវាយប្រហារដែលអាចកើតមាន ដើម្បីជួយឱ្យប្រទេសនេះត្រៀមការពារខ្លួនជាមុន។
ទោះបីជាលោក ត្រាំ បានបដិសេធថា រដ្ឋបាលរបស់លោកមិនបានផ្អាកការចែករំលែកព័ត៌មានស៊ើបការណ៍ជាមួយអ៊ុយក្រែនក៏ដោយ ក៏លោក ហ្សេឡេនស្គី បានឱ្យដឹងថា ទីប្រឹក្សាយោធារបស់លោកបានទទួលការគំរាមថា ការចែករំលែកព័ត៌មានស៊ើបការណ៍អាចត្រូវបានរឹតត្បិតនៅពេលអនាគត។
លោក ត្រាំ បានទាមទារឱ្យអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដោយលោកបានចោទថា ការវាយប្រហារទាំងនេះជាមូលហេតុធ្វើឱ្យតម្លៃប្រេងម៉ាស៊ូតឡើងខ្ពស់។ ទោះជាយ៉ាងណា អ្នកវិភាគភាគច្រើនយល់ថា ការរាំងស្ទះដល់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូស ក្រោយការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ មានឥទ្ធិពលខ្លាំងជាងទៅលើតម្លៃថាមពលពិភពលោក។




អត្ថបទបន្ទាប់


កប៉ាល់ដឹកកុងតឺន័រសិង្ហបុរី ២គ្រឿង រងការវាយប្រហារនៅច្រកសមុទ្រហ័រមូស ដោយមួយគ្រឿងបានលិចចូល​ក្នុងសមុទ្រ

កប៉ាល់ដឹកកុងតឺន័រចំនួន២គ្រឿង ដែលចុះបញ្ជីនៅប្រទេសសិង្ហបុរី បានរងការវាយប្រហារដោយវត្ថុហោះ​មិនស្គាល់ប្រភេទ ខណៈកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុ…

ក្រុមហ៊ុន Microsoft កាត់បន្ថយបុគ្គលិកមួយចំនួននៅវៀតណាម ប៉ុន្ដែមិនទាន់បង្ហើបពីចំនួនជាក់លាក់

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Microsoft ដែលបានឈរជើង ៣ទសវត្សរ៍នៅប្រទេសវៀតណាម បានកាត់បន្ថយបុគ្គលិកមួយចំនួន ប៉ុន្តែក្រុមហ៊ុនអះអាងថា ខ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ