យោងតាមអាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) ដែលបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី១៤ ខែតុលា កប៉ាល់ឈ្មោះ GFS Pride និង GFS Giselle ត្រូវបានរាយការណ៍ថា បានរងការវាយប្រហារនៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ រៀងគ្នា តាមម៉ោងនៅប្រទេសសិង្ហបុរី។
កប៉ាល់ GFS Pride បានរងការខូចខាត ហើយមានអគ្គិភ័យឆាបឆេះនៅលើកប៉ាល់ មុនពេលលិចចូលក្នុងសមុទ្រ។ សមាជិកនាវិកទាំង២១នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយមិនមានអ្នករងរបួសនោះទេ។
ចំណែកកប៉ាល់ GFS Giselle បានរងការខូចខាតត្រង់ផ្នែកតួកប៉ាល់ ប៉ុន្តែនៅតែអាចបន្តធ្វើដំណើរដោយប្រើប្រព័ន្ធម៉ាស៊ីនរបស់ខ្លួន ទៅកាន់តំបន់ចតនាវាដែលមានសុវត្ថិភាព។ សមាជិកនាវិកទាំង២២នាក់នៅលើកប៉ាល់នេះក៏មានសុវត្ថិភាព និងមិនមានអ្នករងរបួសដែរ។
អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរីបានបញ្ជាក់ថា គ្មានពលរដ្ឋសិង្ហបុរីណាម្នាក់ស្ថិតក្នុងចំណោមសមាជិកនាវិកនៃកប៉ាល់ទាំងពីរគ្រឿងនេះឡើយ។ អាជ្ញាធរនេះក៏កំពុងទាក់ទងជាមួយក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ និងតាមដានស្ថានការណ៍យ៉ាងដិតដល់ផងដែរ។
អាជ្ញាធរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារជាបន្តបន្ទាប់លើនាវាពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូស ដោយចាត់ទុកថា ការវាយប្រហារបែបនេះគឺជាទង្វើដែលគ្មានការបង្កហេតុ គ្មានហេតុផលសមស្រប និងជាការរំលោភបំពានច្បាប់អន្តរជាតិ។
អាជ្ញាធរសិង្ហបុរីក៏បានអំពាវនាវឱ្យសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រអន្តរជាតិ ត្រូវគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) និងមិនត្រូវបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់នាវិក និងកប៉ាល់នៅលើសមុទ្រឡើយ។