ការឆបោកតាមអនឡាញ

អតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ត្រូវបានដាក់ឈ្មោះក្នុងសំណើស៊ើបអង្កេតបណ្តាញឆបោករបស់សហរដ្ឋអាម៉េរិក


អតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក វ៉ូរ៉ាផាក់ តាន់យ៉ាវ៉ុង (Vorapak Tanyawong) ស្ថិតក្នុងចំណោមបុគ្គលចំនួន ២៦រូប និងអង្គភាពចំនួន ២ ដែលសមាជិកសភាជាន់ខ្ពស់ពីររូបរបស់សហរដ្ឋអាម៉េរិក បានស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាម៉េរិក បើកការស៊ើបអង្កេតអំពីទំនាក់ទំនងដែលអាចមានជាមួយបណ្តាញឆបោកតាមអនឡាញនៅអាស៊ីអាគ្នេយ៍។
អតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ
ដោយ

ក្នុងលិខិតចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាតំណាងរាស្ត្រអាម៉េរិក លោក Brian Mast និងប្រធានគណៈកម្មាធិការជ្រើសរើសសភាអាម៉េរិកទទួលបន្ទុកកិច្ចការចិន លោក John Moolenaar បានស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាម៉េរិក ស៊ើបអង្កេតបុគ្គល និងអង្គភាពដែលមានឈ្មោះក្នុងបញ្ជីខាងលើនេះ។
សមាជិកសភាទាំងពីរ ក៏បានស្នើឱ្យក្រសួងពាក់ព័ន្ធកំណត់ក្នុងរយៈពេល ១៨០ថ្ងៃ ថាតើបុគ្គល និងអង្គភាពទាំងនេះ មានលក្ខណៈសម្បត្តិ ដែលអាចឈានទៅរកការដាក់ទណ្ឌកម្មតាមច្បាប់របស់សហរដ្ឋអាម៉េរិក ឬយ៉ាងណា។
អង្គភាពចំនួនពីរដែលមានឈ្មោះក្នុងសំណើនេះ គឺ Fully Light Group of Companies Ltd និង White Sands Palace Casino។
តាមលិខិតរបស់សមាជិកសភាអាម៉េរិក ឈ្មោះដែលបានរាយក្នុងបញ្ជី អាចមានទំនាក់ទំនងជាមួយប្រតិបត្តិការឆបោកដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀត។
យ៉ាងណាក៏ដោយ លិខិតនេះមិនមែនជាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើបុគ្គល ឬអង្គភាពទាំងនេះឡើយ។ វាគឺជាសំណើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាម៉េរិក ពិនិត្យ និងស៊ើបអង្កេតថា តើមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ចាត់វិធានការតាមច្បាប់ដែរឬទេ ក្នុងនោះរួមមានច្បាប់ Global Magnitsky Act។
ចំពោះលោក Vorapak Tanyawong លោកធ្លាប់កាន់តំណែងជាអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ក្រោមរដ្ឋាភិបាលនាយករដ្ឋមន្ត្រី Anutin Charnvirakul ចាប់ពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២៥។
លោកបានលាលែងពីតំណែង បន្ទាប់ពីមានការចោទប្រកាន់អំពីទំនាក់ទំនងរបស់លោកជាមួយបណ្តាញឆបោកនៅកម្ពុជា។ ទោះជាយ៉ាងណា លោក Vorapak បានបដិសេធការចោទប្រកាន់ទាំងនោះ។




អត្ថបទបន្ទាប់


តម្លៃភាគហ៊ុន អេស៊ីលីដា ហក់ឡើងថ្លៃលើស ១ម៉ឺនរៀល ជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ

តម្លៃភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា នៅថ្ងៃទី ១៦ ខែកញ្ញានេះ បានហក់ឡើងថ្លៃខ្ពស់ដល់តម្លៃ ១០ ៥៤០រៀលក្នុងមួយភាគហ៊ុន ដោយបានកើនឡើង ៧០០ រៀល (ឬ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ