សមុទ្រចិនខាងត្បូង

ហ្វីលីពីនព្រមានចិនថា ការអូសនាវាចម្បាំងខ្លួនចេញពីតំបន់ជម្លោះ គឺជាទង្វើប្រកាសសង្គ្រាម


ភាពតានតឹងនៅសមុទ្រចិនខាងត្បូងកំពុងកើនឡើងជាថ្មី ខណៈហ្វីលីពីនព្រមានចិនថា ការប៉ុនប៉ង​ប្រើកម្លាំងអូសនាវាចម្បាំងហ្វីលីពីនចេញពីតំបន់​មានជម្លោះនឹងត្រូវចាត់ទុកជាទង្វើប្រកាស សង្គ្រាម។ ការព្រមាននេះបានបង្កើនការព្រួយបារម្ភជាថ្មីអំពីលទ្ធភាព នៃការប្រឈមមុខដាក់គ្នាដោយយោធា និងថាតើអាម៉េរិកអាចត្រូវ​បានអូសទាញឱ្យចូលពាក់ព័ន្ធដែរឬយ៉ាងណា។
សមុទ្រចិនខាងត្បូង
ដោយ

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក ហ្គីប៊ឺតូ តែដូរ៉ូ (Gilberto Teodoro) នៅថ្ងៃទី២៣ ខែតុលា នេះបានព្រមានថា ការប៉ុនប៉ងណាមួយរបស់ចិនក្នុងការប្រើកម្លាំងអូសនាវាចម្បាំង BRP Sierra Madre របស់ហ្វីលីពីនចេញពីតំបន់ថ្មប៉ប្រះទឹក Ayungin Shoal នឹងត្រូវចាត់ទុកជាទង្វើប្រកាសសង្គ្រាម។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា ចិនអាចនឹងពិចារណាលើវិធានការតបតចំនួន១០ ប្រឆាំងហ្វីលីពីន ក្នុងនោះរួមមានការអូសនាវាចម្បាំងហ្វីលីពីន BRP Sierra Madre ចេញពីតំបន់ជម្លោះ ការរារាំងបេសកកម្មផ្គត់ផ្គង់ស្បៀង និងសម្ភារៈដល់កងទ័ពហ្វីលីពីន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
វិធានការទាំងនេះត្រូវបានរាយការណ៍ដោយកាសែតភាសាចិន Chinese Commercial News ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល។ ទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំង មិនទាន់បានបញ្ជាក់ជាផ្លូវការថា ខ្លួនកំពុងពិចារណា ឬបានអនុម័តវិធានការទាំងនេះនៅឡើយទេ ហើយក៏មិនទាន់មានការបញ្ជាក់ពីប្រតិកម្មផ្លូវការរបស់ចិនចំពោះការព្រមានចុងក្រោយរបស់ហ្វីលីពីន នេះដែរ។
លោក Teodoro បានបញ្ជាក់ថា ការចាត់ទុកការប្រើកម្លាំងប្រឆាំងនាវាចម្បាំងហ្វីលីពីន ថាជាទង្វើប្រកាសសង្គ្រាម មិនមានន័យថា ប្រទេសទាំងពីរបានស្ថិតក្នុងស្ថានភាពសង្គ្រាមជាផ្លូវការនោះទេ។ ការប្រកាសស្ថានភាពសង្គ្រាមជាផ្លូវការត្រូវស្ថិតក្រោមសិទ្ធិអំណាចរបស់ប្រធានាធិបតី និងសភាហ្វីលីពីន។ លោក បានលើកឡើងថា លទ្ធភាពនៃការអនុវត្តសន្ធិសញ្ញាការពារជាតិទៅវិញទៅមករវាងហ្វីលីពីន និងអាម៉េរិក នៅតែបើកចំហ បើមានការវាយប្រហារកើតឡើង ប៉ុន្តែការសម្រេចចិត្តចុងក្រោយនឹងអាស្រ័យលើប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស។
សូមបញ្ជាក់ថា នាវាចម្បាំង BRP Sierra Madre ត្រូវបានហ្វីលីពីនបោះបង់ចោលឱ្យនៅជាប់តំបន់ថ្មប៉ប្រះទឹក Ayungin Shoal ដែលគេស្គាល់ផងដែរថា Second Thomas Shoal ចាប់តាំងពីឆ្នាំ១៩៩៩ មក ដើម្បីប្រើប្រាស់ជាប៉ុស្តិ៍យោធារបស់ខ្លួន។ ចិនក៏ទាមទារអធិបតេយ្យភាពលើតំបន់នេះ និងបានទាមទារម្តងហើយម្តងទៀតឱ្យហ្វីលីពីនដកនាវាចម្បាំងនេះចេញ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីតរងការវាយប្រហារពីក្រុមហ៊ុន ហ៊ូធី ខណៈអ៊ីរ៉ង់គំរាមវាយគោលដៅសេដ្ឋកិច្ច និងស៊ីវិលបើអាម៉េរិកហ៊ានវាយខ្លួន

ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអ៊ូឌីត Saudi Aramco បានចេញបញ្ជាបន្ទាន់ឱ្យបុគ្គលិកចាកចេញពីទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុង ដារ៉ាន…

វៀតណាមអាចប្រឈមនឹងព្យុះទីហ្វុងដ៏អាក្រក់ដូចព្យុះ យ៉ាជី ដែលបានបំផ្លាញសេដ្ឋកិច្ចវៀតណាមជាង៣ពាន់លានដុល្លារ

បម្រែបម្រួលអាកាសធាតុ និងទីតាំងភូមិសាស្ត្រកំពុងក្លាយជាការគំរាមកំហែង និងជាហានិភ័យដ៏ធំមួយសម្រាប់ប្រទេសវៀតណាម។

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ