យោងតាមសេណារីយ៉ូស្តីពីការប្រែប្រួលអាកាសធាតុចុងក្រោយបង្អស់ឆ្នាំ២០២៥ បានបង្ហាញថា ប្រសិនបើសីតុណ្ហភាពសកលកើនឡើង៤អង្សាសេ ប្រទេសវៀតណាមនឹងត្រូវប្រឈមមុខនឹងព្យុះទីហ្វុងដ៏កាចសាហាវ និងមានកម្លាំងបំផ្លិចបំផ្លាញប្រហាក់ប្រហែលនឹងព្យុះយ៉ាជី ជាមធ្យមរៀងរាល់៧ឆ្នាំម្តង ដោយបង្កការខូចខាតដល់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់លានដុល្លារ។ ទិន្នន័យប្រែប្រួលអាកាសធាតុថ្មីនេះត្រូវបានបញ្ជូលទៅក្នុងមូលដ្ឋានទិន្នន័យជាតិដោយក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដើម្បីធ្វើជាគ្រឹះវិទ្យាសាស្ត្រក្នុងការរៀបចំគោលនយោបាយ ផែនការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបជាមុន។
ប្រភពដដែលបានព្រមានថា ក្នុងករណីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅតែបន្តក្នុងកម្រិតខ្ពស់ នោះចំនួនថ្ងៃក្តៅខ្លាំងនៅវៀតណាមអាចនឹងកើនឡើងលើសពី៥០ថ្ងៃនៅត្រឹមចុងសតវត្សរ៍ទី២១ ខណៈថ្ងៃក្តៅហួតហែងបំផុតកើនឡើងប្រមាណ២០ថ្ងៃ។ ផ្ទុយទៅវិញអាកាសធាតុត្រជាក់ខ្លាំងនៅភាគខាងជើង និងភាគកណ្តាល នឹងថយចុះយ៉ាងខ្លាំង ហើយបរិមាណទឹកភ្លៀងនឹងធ្លាក់ខ្លាំងក្នុងមួយថ្ងៃ ឬ៥ថ្ងៃជាប់ៗគ្នា។
ការប្រែប្រួលនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីហានិភ័យនៃគ្រោះធម្មជាតិកាន់តែសាហាវ ដែលទាមទារឱ្យរដ្ឋាភិបាលវៀតណាម ត្រូវតែពង្រឹងសមត្ថភាពបង្ការ ឆ្លើយតប និងបត់បែនឱ្យបានទាន់ពេលវេលា៕