យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន VN Express អ្នកសេដ្ឋកិច្ចវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យល់ឃើញថា វៀតណាម គួរតែផ្លាស់ប្តូរមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ខ្លួនពីការផ្តោតលើបរិមាណមកផ្តោតលើគុណភាពវិញ។
អ្នកសេដ្ឋកិច្ចវិទូឈានមុខគេរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានសង្កត់ធ្ងន់ថា ការរក្សាសម្ទុះកំណើនសេដ្ឋកិច្ចនៅពេលនេះ គឺជាសមិទ្ធផលដ៏វិជ្ជមានមួយ។ ប៉ុន្តែក្នុងរយៈពេលមធ្យម និងរយៈពេលវែង វៀតណាមនឹងត្រូវការពឹងផ្អែកលើគំរូកំណើនថ្មីមួយ ដែលជំរុញដោយផលិតភាព និងប្រសិទ្ធភាពការងារជាជាងការរំពឹងលើកត្តាធាតុចូលបែបប្រពៃណី។ ការិយាល័យស្ថិតិជាតិ នៃក្រសួងផែនការ និងការវិនិយោគវៀតណាម បានបង្ហាញថា GDP របស់វៀតណាម បានហក់ឡើងដល់ជាង៨% នៅក្នុងឆមាសទី១ ឆ្នាំនេះ។ ជុំវិញតួលេខនេះ លោក សេនតានូ ចាករ៉ាប័រធី (Shantanu Chakraborty) នាយកធនាគារ ADB ប្រចាំប្រទេសវៀតណាម បានលើកឡើងថា នេះជាសញ្ញាលើកទឹកចិត្តមួយ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ចវៀតណាម ក្នុងការប្រឈមមុខនឹងវិបត្តិសកល ហើយលទ្ធផលនេះ គឺខ្ពស់ជាងការប៉ាន់ប្រមាណមុនៗរបស់ ADB ទៅទៀត។
ដោយឡែក លោក ប៊ូ មិញ ហ្គៀប (Bui Minh Giap) អ្នកសេដ្ឋកិច្ចវិទូរបស់ ADB ប្រចាំប្រទេសវៀតណាម បានពន្យល់បន្ថែមថា កំណើនសេដ្ឋកិច្ចរបស់វៀតណាម មានមូលដ្ឋានទ្រទ្រង់យ៉ាងទូលំទូលាយ ដោយមានការរួមចំណែកយ៉ាងខ្លាំងពីវិស័យឧស្សាហកម្ម សំណង់ សេវាកម្ម ការនាំចេញ ការវិនិយោគផ្ទាល់ពីបរទេស និងការវិនិយោគសាធារណៈ ព្រមទាំងការងើបឡើងវិញ នៃតម្រូវការក្នុងស្រុក។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ បានព្រមានថា ភាពមិនច្បាស់លាស់ពីខាងក្រៅ និងសម្ពាធម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុកនៅតែជារឿងសំខាន់ ដែលត្រូវប្រុងប្រយ័ត្ន។
លោកបានចង្អុលបង្ហាញថា ដោយសារទំហំពាណិជ្ជកម្មបរទេសសរុបមានកម្រិតស្មើនឹងប្រមាណ១៧០% នៃ GDP បានធ្វើឱ្យវៀតណាម ក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហខ្លាំង។ ហេតុនេះការប្រែប្រួលនៃពាណិជ្ជកម្មសកល គោលនយោបាយពន្ធគយ និងការធ្លាក់ចុះ នៃតម្រូវការនៅក្នុងទីផ្សារនាំចេញសំខាន់ៗ នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចវៀតណាម តាមរយៈខ្សែច្រវាក់ពាណិជ្ជកម្ម ភស្តុភារកម្ម លំហូរវិនិយោគ និងប្រតិបត្តិការអាជីវកម្ម។
ទន្ទឹមនឹងនេះ លោក ក៏បានគូសបញ្ជាក់ផងដែរថា ការនាំចូលបានកើនឡើងលឿនជាងការនាំចេញ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មយ៉ាងច្រើនក្នុងអំឡុងឆមាសទី១ ឆ្នាំនេះ។ និន្នាការនេះ បានឆ្លុះបញ្ចាំងពីចំណុចអវិជ្ជមានមួយ គឺសេដ្ឋកិច្ចក្នុងស្រុកនៅតែពឹងផ្អែកខ្លាំងពេកលើការនាំចូលវត្ថុធាតុដើមពីខាងក្រៅ។ បន្ថែមលើនេះ សម្ពាធអតិផរណា ក៏ទាមទារឱ្យមានការតាមដានយ៉ាងដិតដល់ផងដែរ ខណៈដែលអតិផរណាស្នូល និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងហួសពី៤% នៅក្នុងឆមាសទីមួយឆ្នាំនេះ ដែលអាចបង្ខំឱ្យគោលនយោបាយរូបិយវត្ថុសម្រាប់ខែ ដែលនៅសល់ក្នុងឆ្នាំនេះ ត្រូវរឹតបន្តឹង ព្រមទាំងទាមទារឱ្យមានភាពបត់បែន និងការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងចរន្តសាច់ប្រាក់។
អ្នកសេដ្ឋកិច្ចវិទូរបស់ ADB បានសន្និដ្ឋានថា បញ្ហាប្រឈមចម្បងរបស់វៀតណាម នៅពេលនេះ លែងជារបៀបស្វែងរកកំណើនសេដ្ឋកិច្ចឱ្យបានលឿនរហ័សទៀតហើយ ប៉ុន្តែគឺជារបៀបរក្សាកំណើនដែលមានគុណភាពខ្ពស់ ធានាចីរភាពរយៈពេលវែង និងការរក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទាំងមូលតែម្តង៕