យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ The Nation បានឱ្យដឹងថា វិស័យនាំចេញរបស់ថៃ ទៅកាន់ទីផ្សារចិនកំពុងរងនូវភាពអាម៉ាស់ជាថ្មីម្តងទៀត និងបានជួបវិបត្តិទំនុកចិត្តយ៉ាងខ្លាំងពាក់ព័ន្ធនឹងការលួចលាក់នាំចេញជើងមាន់បង្កក តែបិទស្លាកបន្លំជាទំនិញផ្សេង។ ល្បិចកលដែលត្រូវអាជ្ញាធរចិន ចាប់បាននោះ គឺក្រុមអ្នកនាំចេញថៃ បានបន្លំភ្នែកដោយបិទស្លាកលើទំនិញថា ជាដូង ឬចេកបង្កក ប៉ុន្តែនៅក្នុងកុងតឺន័រជាក់ស្តែងបែរជាផ្ទុកទៅដោយជើងមាន់ទៅវិញ។ ក្រោយរងការព្រមាន និងចាត់វិធានការក្តៅពីអាជ្ញាធរលើករណីនេះ អគ្គនាយកដ្ឋានអភិវឌ្ឍន៍សត្វពាហនៈរបស់ថៃ បានប្រកាសបើកការស៊ើបអង្កេតយ៉ាងតក់ក្រហល់ និងរៀបចំរាយការណ៍ដោះស្រាយជាមួយមន្ត្រីចិន ដើម្បីព្យាយាមស្រោចស្រង់មុខមាត់ និងទំនុកចិត្តលើការនាំចេញរបស់ខ្លួនដែលកំពុងដុនដាបខ្លាំង។
លោក ស៊ុមឈួន រតនាម៉ាងខាឡានុន (Somchuan Rattanamangkhalanon) អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សត្វពាហនៈថៃ បានត្រឹមតែចេញមុខមកអះអាងដោះស្រាយតាមក្រោយថា ស្ថាប័នរបស់លោកទើបតែទទួលបានព័ត៌មានពីអគ្គនាយកដ្ឋានគយចិន ដែលបញ្ជាក់ពីការរកឃើញកុងតឺន័រដែលសង្ស័យថា ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការនាំចេញក្លែងក្លាយទាំងនោះ។ ទោះជាយ៉ាងណាការអះអាងទាំងនេះនៅតែស្ថិតក្រោមការស៊ើបអង្កេតក្នុងស្រុកនៅឡើយ ហើយរដ្ឋាភិបាលថៃ នៅមិនទាន់បានប្រកាសជាផ្លូវការ ថាតើក្រុមហ៊ុន ឬមន្ត្រីខិលខូចរូបណាខ្លះ ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយនៅពីក្រោយរឿងនេះនៅឡើយទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ណារ៉ុនដេត យូឡារ៉ាគុល (Narongdet Ularakul) សមាជិកសភាមកពីគណបក្សប្រឆាំងរបស់ថៃ បានចេញមុខមកព្រមានចំៗ និងរិះគន់ថា ទង្វើក្លែងបន្លំបែបនេះ គឺជាការបំផ្លាញខ្លួនឯង និងកំពុងធ្វើឱ្យប្រទេសថៃទាំងមូលរងការខូចខាតកេរ្តិ៍ឈ្មោះការនាំចេញជើងមាន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពេលដែលប្រទេសចិន កំពុងពង្រឹងការត្រួតពិនិត្យ និងរឹតបន្តឹងបទដ្ឋានផលិតផលអាហារនាំចូលយ៉ាងម៉ឺងម៉ាត់បំផុត ដែលកំហុសឆ្គងនេះ អាចនឹងធ្វើឱ្យថៃ បាត់បង់ទីផ្សារដ៏ធំមួយនេះទាំងស្រុង ដោយសារតែភាពកម្សោយ នៃយន្តការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃ ផ្ទាល់តែម្តង៕
ដោយៈ សរ សុជាតិ