លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានកត់សម្គាល់ឃើញថា វត្តមានកុមារ និងមនុស្សចាស់ដើរសុំទាននៅតែបន្តកើតមានជារឿយៗនៅតាមតំបន់រមណីយដ្ឋានដូចជាទន្លេបាទី ប្រាសាទនាងខ្មៅ និងតំបន់ភ្នំព្រះរាជទ្រព្យជាដើម ដែលធ្វើឱ្យរំខានដល់ភ្ញៀវទេសចរ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់យ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏សង្កេតឃើញបញ្ហានេះកើតមានឡើងនៅរាជធានីភ្នំពេញផងដែរ ដែលរូបភាពអវិជ្ជមានទាំងនេះអាចនឹងត្រូវក្រុមខិលខូចយកទៅប្រើប្រាស់ជាឧបករណ៍ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះនិងតំបន់ទេសចរណ៍របស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកបណ្ឌិតស្នើឱ្យអាជ្ញាធរបង្កើនយុទ្ធសាស្ត្រដោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវបែងចែកឱ្យច្បាស់រវាងអ្នកដែលមានជីវភាពខ្សត់ខ្សោយពិតប្រាកដ ដើម្បីផ្ដល់ការងារ និងជំនួយសង្គមឱ្យចំគោលដៅ។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា ទោះបីជាបញ្ហាជនសុំទាននៅតាមតំបន់ទេសចរណ៍អាចកើតមាននៅប្រទេសមួយចំនួនក៏ដោយ ប៉ុន្តែនៅកម្ពុជាករណីកុមារ និងមនុស្សចាស់ដើរសុំទានហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងក្នុងក្រុង និងតាមតំបន់ទេសចរណ៍។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវតែស៊ើបអង្កេតឱ្យបានដិតដល់បំផុត ព្រោះក្រៅពីអ្នកខ្វះខាតពិតប្រាកដ ក៏អាចមានបុគ្គលខិលខូចមួយចំនួនដែលមានកម្លាំងពលកម្មគ្រប់គ្រាន់ តែបែរជាយកការសុំទានធ្វើជាមុខរបរ ឬធ្ងន់ធ្ងរជាងនេះ គឺមានការបង្ខំ និងយកកុមារឱ្យទៅសុំទានជំនួស ដែលជាអំពើកេងប្រវ័ញ្ចសិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរ។
គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅគោលនយោបាយ ស្ដីពី ការគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថាទូទាំងរាជធានី-ខេត្ត ដោយតភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យរួមមួយប្រកបដោយសុក្រឹតភាព និងសង្គតិភាព។ នេះជាបោះជំហានប្រវត្តិសាស្ត្រជាលើកដំបូងរបស់រាជរដ្ឋាភិបាលក្នុងការកំណត់មុខសញ្ញា ចាត់វិធានការឆ្លើយតបឱ្យចំសេចក្តីត្រូវការជាក់ស្តែង និងលើកកម្ពស់សុខុមាលភាពជនអនាថានៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ ជា ម៉ារ៉ា