ស្របពេលសង្គ្រាមអ៊ីរ៉ង់ នៅតែបន្តអូសបន្លាយ ហើយច្រកសមុទ្រHormuz នៅតែបិទ បណ្ដាក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកកំពុងប្រឈមហានិភ័យធំជិតអស់ប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ និងធ្វើឱ្យថ្លៃសំបុត្រយន្តហោះឡើងថ្លៃខ្ពស់កប់ពពក។ ជាការពិតណាស់ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដ៏សំខាន់សម្រាប់ការនាំចេញប្រេងឥន្ធនៈរហូតដល់ទៅប្រមាណ២០% របស់ពិភពលោកបានធ្វើឱ្យស្ទះការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលជាលទ្ធផលជះផលប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនអាកាសចរណ៍នៅអឺរ៉ុប និងអាស៊ីខ្លាំងជាងគេបំផុត។ នៅសហរដ្ឋអាម៉េរិក ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតែមានជាធម្មតា ប៉ុន្តែតម្លៃប្រេងឥន្ធនៈខ្ពស់នៅទូទាំងពិភពលោកកំពុងបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានាកាត់បន្ថយផ្លូវហោះហើរ ដែលមិនសូវចំណេញ កាត់បន្ថយកៅអីថោកៗនិងដំឡើងថ្លៃសំបុត្រយន្តហោះ។
ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានកាត់បន្ថយកាលវិភាគហើរហោះរបស់ខ្លួនរួចទៅហើយ ខណៈដែលតម្លៃសំបុត្រលើផ្លូវហោះហើរពេញនិយមបានហក់ឡើងថ្លៃយ៉ាងខ្លាំង។ តម្លៃប្រេងឥន្ធនៈដែលជាការចំណាយដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនអាកាសចរណ៍នានាទូទាំងពិភពលោកបានកើនឡើងរាប់ពាន់លានដុល្លារ។
ទោះបីជាស្ថានភាពប្រសើរឡើងឆាប់ៗនេះយ៉ាងណាក្ដី ក៏វាអាចត្រូវការពេលច្រើនខែទម្រាំអាចស្តារការផ្គត់ផ្គង់ប្រេងឥន្ធនៈធម្មតាឡើងវិញ នោះមានន័យថា តម្លៃខ្ពស់ និងជើងហោះហើរតិចជាងមុនអាចបន្តរហូតដល់ពាក់កណ្តាល ឬចុងរដូវក្តៅនេះ៕
ដោយ: តែម សុខុម