យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Independent នៅថ្ងៃទី២១ ខែមេសា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីរក្សាសុវត្ថិភាពនាវាចរណ៍ក្នុងច្រកសមុទ្រម៉ាឡាកា។ ការប្តេជ្ញាចិត្តការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសទាំង៣នេះធ្វើឡើងក្រោយក្តីបារម្ភមានការកើនឡើង ខណៈដែលអ្នកវិភាគព្រមានថា ប្រសិនបើភាពតានតឹងនៅមជ្ឈិមបូព៌ារីករាលដាល ច្រកសមុទ្រម៉ាឡាកា ដែលជាចំណុចយុទ្ធសាស្ត្រតភ្ជាប់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ក៏អាចប្រឈមនឹងហានិភ័យដូចគ្នា។
ច្រកសមុទ្រម៉ាឡាកា មានសារសំខាន់ខ្លាំងណាស់ការដឹកជញ្ជូនទំនិញ និងប្រេងឥន្ធនៈសកលក្នុងនោះមានទំនិញរហូតដលល់ជិត៤០% នៃទំនិញពិភពលោក និងជាង៣៥% នៃប្រេងឥន្ធនៈពិភពលោកត្រូវបានដឹកជញ្ជូនតាមច្រកនេះ ដើម្បីផ្គត់ផ្គង់ដល់បណ្តាប្រទេសក្នុងតំបន់អាស៊ី។
នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយ កងទ័ពឥណ្ឌូនេស៊ី បានបញ្ជាក់ពីវត្តមានរបស់នាវាចម្បាំងអាម៉េរិក USS Miguel Keith បានឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា កាលពីថ្ងៃទី១៨ ខែមេសា កន្លងទៅ។ នាវានេះគឺជាមូលដ្ឋានយោធាអណ្តែតទឹកដ៏មានឥទ្ធិពលរបស់កងនាវាទី៧ របស់អាម៉េរិកដែលមានសមត្ថភាពគាំទ្រប្រតិបត្តិការឧទ្ធម្ភាគចក្រ និងការដាក់ពង្រាយកងទ័ពទ្រង់ទ្រាយធំ។
ទោះជាយ៉ាងណា អាជ្ញាធរនៃប្រទេសទាំង៣ បានបញ្ជាក់ថា ការឆ្លងកាត់របស់នាវាចម្បាំងអាម៉េរិក នាពេលនេះ គឺជាសកម្មភាពធម្មតាស្របតាមច្បាប់អន្តរជាតិ។ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រកប៉ាល់គ្រប់ប្រភេទ រួមទាំងនាវាចម្បាំង អាចធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រអន្តរជាតិ បានដោយសេរី ប៉ុន្តែត្រូវតែគោរពតាមអធិបតេយ្យភាព និងបទប្បញ្ញត្តិសន្តិសុខរបស់ប្រទេសជាប់ឆ្នេរជានិច្ច៕
ដោយ: តែម សុខុម