ជាក់ស្ដែង តាមការរាយការណ៍មួយ ដោយសារព័ត៌មាន The Wall Street Journal បានឲ្យដឹងថា អាជ្ញាធរប្រឆាំងនឹងសេចក្ដីទុកចិត្តរបស់ចិន កំពុងពិចារណាដាក់ពិន័យក្រុមហ៊ុនយក្សអាលីបាបា ដល់ទៅជាង ៩៧៥ លានដុល្លារអាមេរិកឯណោះ។
បើសិនជាការផាពិន័យនេះ ពិតជាកើតឡើងមែននោះ វានឹងក្លាយជាការផាកពិន័យមួយខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃក្រុមហ៊ុនចិន។ ស្រដៀងនឹងករណីក្រុមហ៊ុន អាលីបាបានេះដែរ កាលពីឆ្នាំ២០១៥ ក្រុមហ៊ុន ខ្វលខម ក៏ធ្លាប់បានចំណាយ ៩៧៥លានដុល្លារ ដើម្បីដោះស្រាយការស៊ើបអង្កេតប្រឆាំងនឹងសេចក្ដីទុកចិត្ត ទាក់ទងនឹងការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងផងដែរ។
កាលពីចុងឆ្នាំមុន និយ័តករចិន បានចាប់ផ្ដើមរឹតបណ្ដឹងលើក្រុមហ៊ុន អាលីបាបា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះ គឺ Ant Group ផងដែរ។ ក្រុមហ៊ុន Ant Group ត្រូវបានអាជ្ញាធរចិនចាត់ទុកថា គឺជាធ្វើឲ្យមានហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុក្នុងប្រទេសចិន។
ការរាយណ៍របស់ The Wall Street Journal បានបញ្ជាក់ទៀតថា បន្ទាប់ពីមានជំហរទន់ភ្លន់ទៅលើក្រុមហ៊ុនអាលីបាបានៅគ្រាដំបូង ហើយមានផ្ដល់នូវទីផ្សារដ៏សម្បើមនៅក្នុងប្រទេសចិន និងជាពិសេសេនៅក្នុងចំណោមវិនិយោគអន្តរជាតិនោះ ឥឡូវនេះ អាជ្ញាធរចិនបាននិយាយថា ក្រុមហ៊ុនយក្សអាលីបាបា ត្រូវតែផ្ដាច់ខ្លួនចេញពីស្ថាបិករបស់ខ្លួន គឺលោក Jack Ma បើមិនដូច្នេះនឹងត្រូវប្រឈមមុខនឹងផលវិបាកដោយសារតែសកម្មភាពរបស់ថ្នាក់ដឹកនាំរូបនេះជាក់ជាមិនខានឡើយ។
យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុនអាលីបាបា មានសាច់ប្រាក់ក៏មិនតិចនោះដែរ ដូច្នេះការបង់ការផាកពិន័យប៉ុណ្ណឹងមិនចោទជាបញ្ហាធំដុំអីប៉ុន្មានទេ។ យើងនឹងរង់ចាំមើលបន្ដទៀតថា តើការផាកពិន័យនេះ អាចនឹងកើតឡើងដែរទេ? ហើយក្រុមហ៊ុនអាលីបាបានឹងមានការឆ្លើយតបបែបណាដែរ ជុំវិញនឹងបញ្ហាទាំងអស់នេះ?