លោក អេឡិន ម៉ាស់

កំពូលមហាសេដ្ឋី​ អេឡិន ម៉ាស់ ចាយលុយជិត៤៤៦លានដុល្លារគាំទ្របក្សសាធារណរដ្ឋរបស់លោក ត្រាំ


កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ កំពុងបញ្ចេញលុយរាប់រយលានដុល្លារ ដើម្បីគាំទ្រគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ មហាសេដ្ឋីរូបនេះបានចំណាយប្រាក់ជិត៤៤៦លានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាអ្នកផ្តល់ជំនួយនយោបាយដ៏ធំបំផុតសម្រាប់មួយរដូវកាលបោះឆ្នោតក្នុងប្រវត្តិសាស្ត្រអាម៉េរិក នាសម័យ​ទំនើប។ ការចំណាយដ៏សម្បើម​នេះ​ ក៏កំពុងបង្កើនការចាប់អារម្មណ៍លើឥទ្ធិពលរបស់មហាសេដ្ឋីរូប​នេះនៅក្នុងឆាកនយោបាយអាម៉េរិក ផងដែរ។ ​នេះ​បើយោងតាមការចុះផ្សាយរបស់ The Guardian កាលពីថ្ងៃទី៣១ ខែ​តុលា។
លោក អេឡិន ម៉ាស់
ដោយ
អំពី Mr. Elon Musk

យោងតាមទិន្នន័យរបស់គណៈកម្មការបោះឆ្នោតសហព័ន្ធអាម៉េរិក បង្ហាញថា លោក Elon Musk បានបរិច្ចាគប្រាក់យ៉ាងហោចណាស់៤៤៥លានដុល្លារដល់ក្រុមនយោបាយដែលមានទំនាក់ទំនងជាមួយគណបក្សសាធារណរដ្ឋ គិតចាប់តាំងពីឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។ ក្នុងចំណោមទឹកប្រាក់ទាំងនេះ ការបរិច្ចាគដ៏ច្រើនបំផុតមានចំនួន២១៦លានដុល្លារត្រូវបានផ្តល់ទៅឱ្យ America PAC ដែលជាគណៈកម្មាធិការសកម្មភាពនយោបាយរបស់លោកផ្ទាល់។ ក្រុមនេះកំពុងជួយគាំទ្របេក្ខជនសាធារណរដ្ឋក្នុងការប្រកួតប្រជែងដណ្តើមអាសនៈសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាចំនួន៤៣អាសនៈនៅក្នុងរដ្ឋចំនួន១៧។
គណៈកម្មាធិការ America PAC បានចំណាយប្រាក់រាប់លានដុល្លារ លើការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងអ៊ីនធឺណិត ព្រមទាំងការផ្ញើសារជាអក្សរ និងសំបុត្រទៅកាន់អ្នកបោះឆ្នោត។ គណៈកម្មាធិការនេះបានផ្តោតជាពិសេសលើការប្រកួតប្រជែងនៅរដ្ឋតិចសាស់ ដោយចំណាយប្រាក់អស់ជាង ៣៣លានដុល្លារ ដើម្បីគាំទ្របេក្ខជនព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Ken Paxton។ ក្រៅពីនេះលោក Elon Musk ក៏បានបរិច្ចាគប្រាក់ចំនួន១៦៨លានដុល្លារទៅឱ្យមូលនិធិ Senate Leadership Fund ជាក្រុមនយោបាយមួយទៀតដែលគាំទ្រយុទ្ធនាការរបស់លោក Ken Paxton។
គួរឱ្យកត់សម្គាល់ការចំណាយរបស់លោក Elon Musk បានកើនឡើងយ៉ាងខ្លាំងនៅមួយរយៈពេលចុងក្រោយមុនថ្ងៃបោះឆ្នោត ដោយក្នុងរយៈពេលត្រឹមតែពីរខែចុងក្រោយ លោកបានបញ្ចេញទឹកប្រាក់ដល់ទៅប្រមាណ២០០លានដុល្លារបន្ថែមទៀត។
ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក៏ធ្វើឱ្យមានការចាប់អារម្មណ៍លើទំនាក់ទំនងរវាងផលប្រយោជន៍នយោបាយ និងអាជីវកម្មរបស់លោកផងដែរ ខណៈក្រុមហ៊ុនរបស់លោករួមមាន SpaceX ទទួលបានកិច្ចសន្យាសំខាន់ៗពីរដ្ឋាភិបាលអាម៉េរិក។ ទោះជាយ៉ាងណា ប្រាក់ជិត ៤៤៦ លានដុល្លារ នេះនៅតែជាចំណែកតូចមួយប៉ុណ្ណោះ បើប្រៀបធៀបនឹងទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីរូបនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ រៀបផែនការប្រើអំណាចប្រតិបត្តិដឹកនាំអាម៉េរិក ដោយមិនបាច់ខ្វល់ពីសភា ប្រសិនបើបក្សប្រជាធិបតេយ្យឈ្នះឆ្នោត

យោងតាមប្រភពព័ត៌មានពីមន្ត្រីសេតវិមាន និងបុគ្គលជិតស្និទ្ធចំនួន៣រូប បានទម្លាយឱ្យដឹងថា ក្រុមការងារសេតវិមានរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ