សារព័ត៌មាន រ៉យទ័រ បានរាយការណ៍កាលពីថ្ងៃទី១៨ ខែមេសា ថា ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសផ្ដល់សិទ្ធិឱ្យប្រទេសនានាអាចទិញប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ដែលដឹកតាមនាវាបានរហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។ ការអនុញ្ញាតនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងតម្លៃថាមពលសកល ដែលបានហក់ឡើងខ្ពស់ក្នុងអំឡុងពេលសង្គ្រាមអាម៉េរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងកើតឡើងបន្ទាប់ពីប្រទេសនានានៅតំបន់អាស៊ី ដែលប្រឈមនឹងវិបត្តិថាមពលសកលបានដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន ឱ្យបើកឱ្យមានប្រភពផ្គត់ផ្គង់ថាមពលជំនួសមួយទៀតហូរចូលទៅក្នុងទីផ្សាររបស់ពួកគេ។
អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុអាម៉េរិកបានបញ្ជាក់ថា ការធានាឱ្យមានលំហូរប្រេងគ្រប់គ្រាន់ក្នុងទីផ្សារ គឺជាអាទិភាពខ្ពស់បំផុត ក្នុងកំឡុងពេល ដែលការចរចាជាមួយអ៊ីរ៉ង់កំពុងឈានចូលដល់ដំណាក់កាលដ៏តានតឹង។
ដោយឡែកបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei Asia មាននាវាដឹកប្រេងឆៅខ្នាតយក្សប្រភេទ VLCC ប្រមាណ៧០គ្រឿង ដែលភាគច្រើនមកពីតំបន់អាស៊ីកំពុងសម្រុកទៅទិញប្រេងពីសហរដ្ឋអាម៉េរិក ដើម្បីបំពេញតម្រូវការប្រើប្រាស់ ដែលកំពុងប្រឈមនឹងការខ្វះខាត។ ចំនួននេះបានកើនឡើងជាងទ្វេដង បើធៀបនឹងឆ្នាំមុន ដែលមានត្រឹមតែ២៧គ្រឿងប៉ុណ្ណោះ។
គួរបញ្ជាក់ថា នាវាប្រភេទ VLCC មានសមត្ថភាពផ្ទុកប្រេងបានចន្លោះពី២០០,០០០ទៅ៣០០,០០០តោន។ បច្ចុប្បន្នជិត១ភាគ១០ នៃនាវាខ្នាតយក្សសរុបទូទាំងពិភពលោក កំពុងសម្រុកទៅកាន់សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ពិភពលោកកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើថាមពលអាម៉េរិក ដើម្បីជំនួសឱ្យប្រភពថាមពល ដែលកំពុងមានហានិភ័យនៅតំបន់មជ្ឈិមបូព៌ា និងរុស្ស៊ី៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស