ការប្រកាសរបស់លោក អានុទីន ធ្វើឡើងដើម្បីឆ្លើយតបមកភាគីកម្ពុជា ក្រោយពីកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះបានផ្ញើខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្ដើមដំណើការយន្តការផ្សះផ្សាដោយបង្ខំ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពី នីតិសមុទ្រ (UNCLOS)។
ការដែលជំរុញឱ្យកម្ពុជា បង្ខំមកប្រើយន្តការនេះ គឺបន្ទាប់ពីភាគីថៃ បានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ក្រោមហេតុផលថា MOU នេះសម្រេចបានវឌ្ឍនភាពតិចតួច ហើយនិយាយថា ការពិភាក្សានាពេលអនាគតត្រូវតែអនុវត្តតាមយន្តការអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពី នីតិសមុទ្រ ឆ្នាំ១៩៨២ ជំនួសវិញ។
សូមបញ្ជាក់ថា ដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ គ្របដណ្តប់លើផ្ទៃដីប្រមាណ២៦,០០០ គីឡូម៉ែត្រការ៉េ ហើយត្រូវបានគេជឿថា មានរ៉ែប្រេង និងឧស្ម័នសំខាន់ៗដ៏មហាសាលដែលមានតម្លៃរហូតដល់ទៅប្រមាណ៣០០ពាន់លានដុល្លារអាម៉េរិក។ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញាតអង្គការសហប្រជាជាតិ ស្ដីពី នីតិសមុទ្រ ឆ្នាំ១៩៨២ ឱ្យក្រុមអ្នកជំនាញឯករាជ្យពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវជម្លោះ និងផ្ដល់អនុសាសន៍ ប៉ុន្តែការរកឃើញរបស់អ្នកជំនាញទាំងនោះមិនមានចងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់នោះទេ៕
ដោយ: តែម សុខុម