យន្តការ UNCLOS

​តើកម្ពុជា ចំណេញ ឬខាត ប្រសិនបើប្រើ​យន្តការ UNCLOS ដោះស្រាយតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រជាមួយថៃ?


កម្ដៅនយោបាយរវាងកម្ពុជា និងថៃ បានហក់ឡើងជាថ្មី ក្រោយប្រទេសថៃ ប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬថៃ ហៅថា MOU 44 ជាឯកតោភាគី។ ការប៉ុនប៉ងដើរចេញពីយន្តការទ្វេភាគីនេះបានធ្វើឱ្យមានការចោទសួរថា ប្រសិនបើថៃ ងាកមកប្រើប្រាស់យន្តការអន្តរជាតិ UNCLOS ដើម្បីដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នា (OCA) ជំនួសវិញ តើកម្ពុជា អាចទទួលបានផលចំណេញ ឬការខាតបង់យ៉ាងណា?
យន្តការ UNCLOS
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា ប្រសិនបើភាគីថៃលុបចោល MoU 2001 ជាឯកតោភាគី ហើយងាកមកប្រើប្រាស់យន្តការអន្តរជាតិ ដូចជា អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពី នីតិសមុទ្រ ឬ UNCLOS ឆ្នាំ១៩៨២ នឹងធ្វើឱ្យប្រទេសទាំងពីរអាចខាតបង់ផលប្រយោជន៍ទាំងសងខាង។ អ្នកជំនាញរូបនេះមើលឃើញថា ការដោះស្រាយតាមយន្តការអន្តរជាតិនឹងចាយពេលយូរ ដែលជាហេតុធ្វើឱ្យធនធានថាមពលដ៏មហាសាលក្នុងសមុទ្រត្រូវកប់ទុកចោល មិនអាចទាញយកមកអភិវឌ្ឍសេដ្ឋកិច្ចបានទាន់ពេលវេលា។ ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ កម្ពុជា អាចប្រឈមនឹងការបាត់បង់តំបន់សេដ្ឋកិច្ចផ្តាច់មុខមួយចំនួន ដោយសារការគណនាតាមនីតិសមុទ្រច្រើនផ្អែកលើប្រវែងឆ្នេរ ខណៈដែលកម្ពុជា មានប្រវែងឆ្នេរខ្លីជាងថៃ។ ទោះជាយ៉ាងណា លោកជឿថា ថៃ ក៏នឹងត្រូវខាតបង់ទំនុកចិត្តលើឆាកអន្តរជាតិ និងពីសំណាក់វិនិយោគិនផងដែរ ដោយសារការមិនគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា ការលុបចោល MoU 2001 មិនត្រឹមតែមិនផ្តល់ផលចំណេញដល់ភាគីណាមួយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបំផ្លាញតុចរចាទ្វេភាគី ដែលបានកសាងអស់រយៈពេល២៥ឆ្នាំមកនេះទៀតផង។ អ្នកជំនាញរូបនេះចាត់ទុកការចង់លុបចោល MoU នេះថា ជាវោហារសាស្ត្រនយោបាយជាតិនិយមជ្រុលរបស់ភាគីថៃ ដើម្បីទិញពេលវេលាសម្រាប់រក្សាស្ថិរភាពនយោបាយក្នុងស្រុករបស់គេ ដោយមិនបានថ្លឹងថ្លែងពីផលប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ។

ជាមួយគ្នានេះ លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ មិនជឿថា ថៃ ចាញ់ប្រៀបកម្ពុជា ក្នុងការចរចាទ្វេភាគីនោះទេ។ សម្រាប់អ្នកជំនាញច្បាប់រូបនេះ អ្នកដែលទទួលបានផលប្រយោជន៍តាមរយៈយន្តការ UNCLOS លុះណាតែមានការយល់ដឹងពីច្បាប់សមុទ្រច្រើនជាងភាគីម្ខាងទៀត។ តែយ៉ាងណាយន្តការនេះអាចផ្ដល់ឱកាសដល់ភាគីណាមួយដើម្បីប្តឹងទៅតុលាការសមុទ្រអន្តរជាតិ ប្រសិនបើភាគីវិវាទមិនអាចស្វែងរកដំណោះស្រាយបាន។

ដោយឡែក ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ប្រសិនបើថៃ លុប MoU 2001 ស្តីពី តំបន់ទាមទារដែនសមុទ្រត្រួតគ្នា កម្ពុជា-ថៃ ជាឯកតោភាគី ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ នឹងដោះស្រាយជម្លោះដោយសន្តិវិធី ខណៈកម្ពុជា ពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកលើច្បាប់អន្តរជាតិ និងច្បាប់សមុទ្រអន្តរជាតិ ជាពិសេសយន្តការផ្សះផ្សារដោយចាប់បង្ខំនោះទេ។

សូមបញ្ជាក់ថា ប្រទេសថៃ នាពេលថ្មីៗបានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬថៃ ហៅថា MOU 44 ស្តីពីតំបន់ទាមទារត្រួតស៊ីគ្នា ហើយងាកមកប្រើប្រាស់យន្តការ UNCLOS។ កាលពីថ្ងៃទី១៦ ខែមករា កន្លងទៅ រដ្ឋសភាកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការយល់ព្រមលើអនុសញ្ញា UNCLOS រួចរាល់ហើយ។ ការសម្រេចនេះ គឺជាការត្រៀមលក្ខណៈផ្នែកគតិយុត្តយ៉ាងសំខាន់ក្នុងការកំណត់ព្រំដែនសមុទ្រ សិទ្ធិនាវាចរណ៍ និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យស្របតាមស្តង់ដាអន្តរជាតិ ខណៈតំបន់ទាមទារត្រួតស៊ីគ្នា ជាមួយថៃ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


លោក ត្រាំ ប្រកាសជួយរំដោះនាវាដែលជាប់គាំងនៅច្រកសមុទ្រហ័រម៉ូស ខណៈអ៊ីរ៉ង់ព្រមានចាត់វិធានការតបត

ទោះបីជាការប៉ះទង្គិចគ្នាដោយអាវុធដោយផ្ទាល់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានអាក់ខានអស់រយៈពេលជាង៣សប្តាហ៍កន្លងមកនេះក៏ដោយ ប៉ុន្តែកម្ដៅនយោបា…

សេវាកម្មគាំទ្ររបស់ Vietjet កំពុងពង្រីកសេវាគ្រប់ដណ្តប់ក្រុមហ៊ុនអាកាសចរណ៍សកល ហើយកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនក៏កំពុងតែល្បីល្បាញទូទាំងពិភពលោក

ក្រុមហ៊ុន Airport NEO Ground Service — ដែលវិវត្តចេញពីមជ្ឈមណ្ឌលសេវាកម្មផ្ទាល់ (VJGS) របស់ក្រុមហ៊ុន Vietjet — បានគ្រប់គ្រងជើងហោះហើរអន្តរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ