យន្តការ UNCLOS

តើយន្តការផ្សះផ្សាដោយចាប់បង្ខំរបស់ UNCLOS អាចដំណើរការទៅរួចទេ ប្រសិនបើភាគីថៃ ជំទាស់?


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរដ៏រឹងមាំថា កម្ពុជា នៅតែបន្តប្រកាន់យកយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS) ក្នុងការដោះស្រាយតំបន់ទាមទារត្រួតស៊ីគ្នានៅក្នុងសមុទ្រជាមួយថៃ បើទោះបីជាភាគីថៃ ហាក់បង្ហាញបំណងចង់ត្រឡប់មករកការចរចាទ្វេភាគីវិញក៏ដោយ។ ការប្រកាសជំហរនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំថៃ មួយចំនួន បានបង្ហាញភាពរារែក និងព្រមានថា កម្ពុជា មិនអាចប្រើប្រាស់យន្តការអន្តរជាតិ UNCLOS បានឡើយ បើគ្មានការយល់ព្រមពីថៃ។
យន្តការ UNCLOS
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ កត់សម្គាល់ឃើញថា ខណៈកម្ពុជាមានជំហរច្បាស់លាស់ក្នុងការអនុវត្តតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ (UNCLOS) ភាគីថៃ បែរជាបង្ហាញភាពមិនប្រាកដប្រជា ក្រោយខ្លួនបានប្រកាសលុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MOU 2001) ដោយឯកតោភាគី។ លោកបណ្ឌិតសង្កត់ធ្ងន់ថា កម្ពុជា មិនត្រូវរារែកតាមការទាញរបស់ភាគីថៃឡើយ ព្រោះយន្តការផ្សះផ្សាដោយចាប់បង្ខំ គឺជាសិទ្ធិស្របច្បាប់របស់រដ្ឋភាគី ដែលមិនចាំបាច់មានការយល់ព្រមពីភាគីម្ខាងទៀតនោះឡើយ។ ក្នុងន័យនេះ ទោះបីភាគីថៃ ជំទាស់ ក៏កម្ពុជា អាចប្រើយន្តការនេះក្នុងការដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយថៃ បានដែរ។
ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា ថៃកំពុងស្ថិតក្នុងស្ថានភាពមន្ទិលក្នុងការលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ជាស្ថាពរ ខណៈក្រុមលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចង់រក្សានូវយន្តការនេះដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ចរួមគ្នា។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ការជ្រើសរើសយកយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមច្បាប់សមុទ្រ ឆ្នាំ១៩៨២ គឺជាការដើរតាមគន្លងច្បាប់អន្តរជាតិ ដែលខុសពីវិវាទព្រំដែនគោក ដែលទាមទារឱ្យមានការឯកភាពពីភាគីទាំងសងខាងទើបអាចដោះស្រាយបាន។
ស្រដៀងគ្នានេះ លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ បានគូសបញ្ជាក់ថា ការផ្សះផ្សាដោយចាប់បង្ខំ គឺជាយន្តការច្បាប់អន្តរជាតិ របស់ UNCLOS។ សម្រាប់អ្នកជំនាញច្បាប់រូបនេះ នៅក្នុងស្ថានភាពនេះ ថៃ ប្រហែលជាពិចារណាទៅឃើញថា ការប្រើប្រាស់តាមយន្តការ UNCLOS គឺអាចចាញ់ប្រៀបកម្ពុជា បានជាពួកគេងាកយកតាមការចរចាទ្វេភាគីវិញ។ តែយ៉ាងណាលោកមេធាវី សុខ សំអឿន លើកឡើងថា ថៃ ប្រហែលជាទុកចិត្តលើការប្រើល្បិចមកលើកម្ពុជា បានជាពួកគេជ្រើសយកវិធីការចរចា។ អ្នកជំនាញច្បាប់រូបនេះបាន សង្កត់ធ្ងន់ថា ការប្រកាន់យកយន្តការ UNCLOS របស់រដ្ឋាភិបាលកម្ពុជា គឺត្រឹមត្រូវ ព្រោះប្រសិនបើភាគីណាមួយមិនព្រម គឺអាចប្តឹងទៅតុលាការសមុទ្រអន្តរជាតិបាន។
ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានបង្ហាញជំហរដាច់ខាតដូចគ្នា ដោយបានណែនាំដល់រាជរដ្ឋាភិបាលកុំឱ្យធ្លាក់ចូលក្នុងអន្ទាក់ នៃការចរចាទ្វេភាគីដែលគ្មានភាពច្បាស់លាស់ និងត្រូវបន្តដើរលើផ្លូវច្បាប់សមុទ្រ ឆ្នាំ១៩៨២ ឱ្យដល់ទីបំផុត ដោយមិនចាំបាច់រង់ចាំការយល់ព្រមពីភាគីថៃឡើយ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថា ទីផ្សារអង្ករកម្ពុជានឹងកាន់តែមានភាពចម្រុះនៅ៤ឆ្នាំខាងមុខ ដោយមិនពឹងផ្អែកតែលើចិន និងអឺរ៉ុបឡើយ

​ទោះបីជាសេដ្ឋកិច្ចសកលកំពុងជួបប្រទះភាពមិនប្រាកដប្រជា និងរងផលប៉ះពាល់ពីជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ