លោក នួន ណារិន្ទដា កសិករធ្វើស្រែនៅខេត្តឧត្តរមានជ័យ បានអះអាងថា លោកកំពុងត្រៀមធាតុចូលកសិកម្មសម្រាប់បង្កបង្កើនទិន្នផលស្រូវនៅខែក្រោយនេះ ប៉ុន្តែអ្វីដែលលោកកត់សម្គាល់ធាតុចូលទាំងអស់នោះកំពុងហក់ឡើងថ្លៃខ្លាំង ដែលជំរុញឱ្យលោកត្រូវចំណាយថ្លៃដើមកើនឡើងប្រមាណ៥០% ខណៈកាលពីឆ្នាំមុនលោកចំណាយថ្លៃដើមអស់ប្រមាណ២លានរៀលក្នុងដីស្រែ១ហិកតាប៉ុណ្ណោះ។ សម្រាប់កសិកររូបនេះ លោកចង់ឱ្យតម្លៃស្រូវឡើងដល់ជាង១,០០០រៀលក្នុងមួយគីឡូក្រាម ទើបអាចជួយឱ្យកសិករទទួលបានប្រាក់ចំណេញខ្លះសម្រាប់ដោះស្រាយជីវភាព។
ជុំវិញបញ្ហានេះ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា បានលើកឡើងថា កម្លាំងពលកម្ម សេវាកម្ម និងធាតុចូលកសិកម្មដែលកើនឡើង៥០%នាពេលបច្ចុប្បន្ននេះ កំពុងបង្ខំឱ្យកសិករត្រូវបង្កើនទុនផលិតដោយចៀសមិនរួច។ លោកសង្កត់ធ្ងន់ថា ក្នុងកាលទេសៈនេះ តម្លៃស្រូវត្រូវតែលក់បានលើសពី១,០០០រៀល ទើបអាចផ្តល់ ផលចំណេញដល់កសិករ។ ជាមួយគ្នានេះ លោកបានសំណូមពរឱ្យក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធជួយពង្រីកការផ្សព្វផ្សាយ និងស្វែងរកទីផ្សារបន្ថែមដើម្បីគាំទ្រដល់អ្នកផលិត។
ដោយឡែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញកាន់តែស៊ីជម្រៅថា បើពិនិត្យលើថ្លៃដើមបច្ចុប្បន្ន តម្លៃស្រូវគួរតែអាចលក់ចេញបានដល់ទៅ២,០០០រៀលក្នុងមួយគីឡូក្រាមទើបកសិករអាចមានជីវភាពធូរធារ។ តែយ៉ាងណាលោកកត់សម្គាល់ឃើញថា មកទល់ពេលនេះសញ្ញា នៃការឡើងថ្លៃស្រូវនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដែលទាមទារឱ្យមានការរុញច្រានការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបឱ្យបានកាន់តែច្រើន ដើម្បីលើកទឹកចិត្តកសិករឱ្យបន្តរបរនេះតទៅទៀត។
សរុបមកកសិករ និងអ្នកជំនាញសុទ្ធតែមើលឃើញថា ប្រសិនបើតម្លៃស្រូវនៅតែបន្តស្ថិតក្នុងរង្វង់ត្រឹម ៧០០រៀលក្នុងមួយគីឡូក្រាម វានឹងក្លាយជាហានិភ័យដ៏ធំ ដែលមិនត្រឹមតែធ្វើឱ្យកសិករខាតបង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជំរុញឱ្យមានការបោះបង់ចោលដីស្រែ និងបង្កើនអត្រាចំណាកស្រុកកាន់តែខ្លាំងឡើងផងដែរ៕
អត្ថបទ ៖ ជា ម៉ារ៉ា