វិធានការក្តៅក្នុងការដកហូតអាជ្ញាបណ្ណនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីរកឃើញថា ទីតាំងកាស៊ីណូមួយនេះ មានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការរក្សាទុកអាវុធ និងសារធាតុញៀនខុសច្បាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានរំលឹកពីប្រតិបត្តិការបង្ក្រាបថា កាលពីថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងាររបស់ គ.ល.ក. ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលជាតិ ចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងកាស៊ីណូ យីង ហ័ង នេះ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបនោះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សសរុប ៦៦នាក់ ក្នុងនោះ មានជនជាតិចិន ៦៤នាក់ និងជនជាតិខ្មែរ ២នាក់ (បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ) ព្រមទាំងបាន ដកហូតសម្ភារៈ និងវត្ថុតាងរួមមាន៖ កុំព្យូទ័រចំនួន ៩៨៧ គ្រឿង, ទូរស័ព្ទចំនួន ៤៨២ គ្រឿង, អាវុធខ្លី ១ ដើម និងថ្នាំញៀនជាច្រើនកញ្ចប់ទៀត។
តាមរយៈចំណាត់ការដ៏ម៉ឺងម៉ាត់នេះ គ.ល.ក. ក៏បានចេញព្រមានជាថ្មីម្តងទៀតដល់ម្ចាស់គ្រឹះស្ថាន និងប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវតែបន្តអាជីវកម្មដោយអនុលោមតាមច្បាប់ និងត្រូវជៀសវាងដាច់ខាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. បញ្ជាក់ថា នឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចុះពិនិត្យ និងចាត់វិធានការច្បាប់ដោយគ្មានការលើកលែងចំពោះកាស៊ីណូណាដែលមានការសង្ស័យ ឬជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញឡើយ។