យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វិធានការដកហូតអាជ្ញាបណ្ណនេះត្រូវបានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចរកឃើញថា ទីតាំងកាស៊ីណូមួយនេះបានលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
មុនឈានដល់ការបិទនិងដកហូតអាជ្ញាបណ្ណនេះ កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារអគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងខាងលើ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ អាជ្ញាធរបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ចំនួន ៥៥៥ គ្រឿង, ទូរស័ព្ទដៃ៖ ចំនួន ២៩៥ គ្រឿង ដែលជាឧបករណ៍បម្រើឱ្យសកម្មភាពឆបោកអនឡាញ។
ក្រោយពីដកហូតអាជ្ញាបណ្ណ អាជ្ញាធរ នឹងសហការផ្ដល់ព័ត៌មានអ្នកឈរឈ្មោះអាជ្ញាបណ្ណ និងម្ចាស់ភាគហ៊ុន ជូនទៅដល់ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFI) , ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី , ស្ថាប័នអយ្យការ និងសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីឃាត់ទុក (បង្កក) គណនីធនាគារ និងអចលនទ្រព្យ ដែលជាទីតាំងកាស៊ីណូនោះ ស្របតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាធរមាន។
ជាថ្មីម្តងទៀត អាជ្ញាធរគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក.) បានចេញព្រមានយ៉ាងធ្ងន់ៗទៅកាន់ម្ចាស់អគារ និងប្រតិបត្តិករទាំងអស់ ត្រូវតែជៀសវាងដាច់ខាតនូវការជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា បើមិនចង់ប្រឈមមុខនឹងច្បាប់ និងការបិទអាជីវកម្មបែបនេះឡើយ៕