កាស៊ីណូ ដែលត្រូវបានដកហូតអាជ្ញាបណ្ណនេះ មានឈ្មោះ «កាស៊ីណូ ឡឺ ហ្សឹង» ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ជារបស់ក្រុមហ៊ុន រឌាន ភើល អ៊ិនវេសមេន លីមីធីត។
គួររំលឹកថា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការសម្របសម្រួលនីតិវិធី ដោយតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង, ក្រុមការងារទី ១ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានសហការជាមួយនឹង អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក., អគ្គស្នងការដ្ឋាននគរបាលជាតិ, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានធ្វើការត្រួតពិនិត្យជាក់ស្តែងលើទីតាំងកាស៊ីណូខាងលើនេះ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ២៥ នាក់ និងបានដកហូតវត្ថុតាងមួយចំនួន ដូចជា ទូរសព្ទដៃចម្រុះ, Tablets, កុំព្យូទ័រយួរដៃ, រថយន្ត និងឧបករណ៍ស្តុកទិន្នន័យកាមេរ៉ាសុវត្ថិភាពជាដើម។ ជាលទ្ធផល នៃការពិនិត្យលើឧបករណ៍ដែលប្រមូលបានទាំងនោះ បង្ហាញថា កាស៊ីណូនេះ ពិតជាមានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រាកដមែន។
គ.ល.ក. បានបន្តក្រើនរំឭកដល់កម្មសិទ្ធិករ និង/ឬ ប្រតិបត្តិករ មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបន្តអាជ្ញាបណ្ណអាជីវកម្មស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវជៀសវាងដាច់ខាតនូវរាល់សកម្មភាពពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើល្មើសច្បាប់ផ្សេងៗ៕