ច្រកព្រំដែនកម្ពុជា ថៃ

តើកម្ពុជាចាំបាច់ត្រូវចរចាបើកច្រកព្រំដែនឡើងវិញជាមួយភាគីថៃដែរឬទេ?


នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានលើកឡើងកាលពីពេលថ្មីៗនេះថា ថៃនឹងបញ្ឈប់ការចរចាជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគី និងមិនបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញឡើយ។ ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយយល់ឃើញថា ការប្រើសង្គ្រាមវោហាស័ព្ទគំរាមកម្ពុជានេះ គ្រាន់តែដើម្បីអូសទាញ និងទាក់ចិត្តក្រុមពលរដ្ឋថៃជាតិនិយមជ្រុលតែប៉ុណ្ណោះ ក្រោយប្រជាប្រិយរបស់មេដឹកនាំរូបនេះកំពុងធ្លាក់ចុះខ្លាំង។
ច្រកព្រំដែនកម្ពុជា ថៃ
ដោយ

អ្នកជំនាញសង្កត់ធ្ងន់ថា កម្ពុជាមិនចាំបាច់រវីរវល់ ឬរត់តាមការញុះញង់នេះឡើយ ពោលគឺត្រូវប្រកាន់ជំហរឱ្យបានច្បាស់លាស់ ព្រោះការបិទច្រកព្រំដែនឯកតោភាគីរបស់ថៃកន្លងមកមិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ ផ្ទុយទៅវិញ វាបានជួយដាស់ស្មារតីកម្ពុជាឱ្យបង្កើនការផលិត និងបង្កើតផលិតផលជំនួសយ៉ាងមានប្រសិទ្ធភាព និងទាន់ចិត្តបំផុត។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា ការប្រកាសកាត់ផ្ដាច់ការចរចាទ្វេភាគី និងការមិនបើកច្រកព្រំដែនរបស់លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ គ្រាន់តែជារូបភាពល្ខោននយោបាយ ដើម្បីបង្ហាញប្រាប់ក្រុមជ្រុលនិយមថៃថា ខ្លួនជារដ្ឋាភិបាលខ្លាំង បើទោះជាសកម្មភាពបិទច្រកព្រំដែននេះធ្វើឡើងទាំងបំពានច្បាប់អន្តរជាតិក៏ដោយ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជាមិនដែលហើបមាត់សុំបើកព្រំដែនជាមួយថៃសូម្បីតែមួយម៉ាត់ គឺមានតែភាគីថៃខ្លួនឯងប៉ុណ្ណោះ ដែលតែងតែបង្កើតលេសផ្ដេសផ្ដាស់ ចោទប្រកាន់ថា កម្ពុជាចង់សុំចរចាបើកព្រំដែនជាមួយខ្លួន។ ជាក់ស្ដែងការបិទព្រំដែនរបស់ថៃកន្លងមកនេះប្រៀបដូចជាការជួយដាស់តឿនខ្មែរឱ្យភ្ញាក់រលឹកងាកមកគាំទ្រផលិតផលជាតិខ្លួនឯង និងជួយជំរុញកំណើនវិនិយោគក្នុងស្រុកយ៉ាងខ្លាំងក្លា។

ជាមួយគ្នានេះ​លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិយល់ឃើញថា កម្ពុជាមិនត្រូវលោតចូលក្នុងអន្ទាក់ល្បែងនយោបាយរបស់ថៃនោះឡើយ ដោយសារលោក អានុទីន កំពុងធ្លាក់ចុះប្រជាប្រិយភាព ដែលធ្វើឱ្យមេដឹកនាំរូបនេះទាល់ច្រកគ្មានជម្រើសអ្វីក្រៅតែពីប្រើសង្គ្រាមវោហារសព្ទបង្កជម្លោះជាមួយកម្ពុជា ដើម្បីតោង​ប្រជាប្រិយភាពពីក្រុមជ្រុលនិយមថៃ។ បើតាមអ្នកជំនាញរូបនេះ ការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃកាលពីឆ្នាំមុន មិនបានធ្វើឱ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាបានធ្វើឱ្យថៃខ្លួន​ឯងខាតបង់ប្រាក់ចំណូលពីរការនាំចេញអស់រាប់ពាន់លានដុល្លារ។

យ៉ាងណាមិញអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ច្រកព្រំដែននៃប្រទេសទាំងពីរមិនអាចបិទជាអចិន្ត្រៃយ៍បានឡើយ ព្រោះភូមិសាស្ត្រដីធ្លីជាប់គ្នា និងមានតម្រូវការទីផ្សារទៅវិញទៅមក ហើយគេជឿជាក់ថា ប្រជាជន និងអ្នកជំនួញថៃដែលកំពុងជួបបញ្ហា ក៏មិនព្រមបណ្តោយឱ្យលោក អានុទីន បន្តដឹកនាំប្រទេសធ្វើព្យុះធ្វើភ្លៀងតាមចិត្តទៀតដែរ។

ដោយឡែកលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានលើកឡើងថា កម្ពុជាមិនមានអ្វីត្រូវព្រួយបារម្ភទៀតនោះទេ ទោះបីភាគីថៃចង់ប្រកាសបិទព្រំដែនជាមួយកម្ពុជាជារៀងរហូតទៀតក៏ដោយ ព្រោះការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃប្រមាណ១ឆ្នាំកន្លងមកនេះ កម្ពុជាអាចផលិត និងមានផលិតផលជំនួសយ៉ាងសម្បូរបែប។ អ្នកជំនាញរូបនេះរំពឹងថា នៅឆ្នាំនេះកំណើនផលិតផលក្នុងស្រុកនឹងកើនឡើងបន្ថែមទៀត ពោលគឺអាចកើនឡើងលើស៣០% នាពេលខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសប្រកាន់គោលជំហរយ៉ាងរឹងមាំ និងដាច់ខាត ដោយមិនធ្វើជាអ្នកលូនក្រាបស្នើសុំឱ្យភាគីថៃបើកច្រកព្រំដែនឡើងវិញជាដាច់ខាត។ ជាមួយគ្នានេះ កម្ពុជាបានអនុវត្តតាមគោលការណ៍យ៉ាងច្បាស់ក្រឡែតថា អ្នកណាជាអ្នកចាក់សោរបិទមុន អ្នកនោះត្រូវតែជាអ្នកដើរមកដោះសោរបើកមុន។ មានន័យថា ភាគីថៃជាអ្នកបិទច្រកព្រំដែន ដូចនេះថៃត្រូវតែជាអ្នកប្រកាសបើកមុន ហើយកម្ពុជានឹងបើកច្រកព្រំដែនរបស់ខ្លួនស្វាគមន៍ឡើងវិញ ក្រោយពេលថៃបើករួចរាល់ត្រឹមតែ៥ម៉ោងប៉ុណ្ណោះ ពោលគឺមិនឱ្យថៃមានឱកាសបានអួតក្អេងក្អាងលើឆាកអន្តរជាតិឡើយ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


វិស័យ SME នៅតែជួបបញ្ហាប្រឈមមួយចំនួន ទោះមានសម្ទុះរីកចម្រើនខ្លាំងនៅមួយរយៈចុងក្រោយ

វិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា បាននិងកំពុងបង្ហាញពីសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ ជាពិសេសបន្ទាប់ពីម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ