វិស័យការបរទេស

អាម៉េរិក គ្រោងយកទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ ទៅជួយសម្ពន្ធមិត្ត ដែលរងការវាយប្រហារពីអ៊ីរ៉ង់


មេដឹកនាំប្រទេសមហាអំណាចនៅអឺរ៉ុបរួមមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចេញសេចក្ដីថ្លែងការណ៍រួមមួយបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) ក្នុងការបើកកិច្ចចរចាដោយផ្ទាល់ជាមួយរុស្ស៊ី។ ដំណើរការស្វែងរកសន្តិភាពនេះ ក៏នឹងមានការចូលរួមយ៉ាងមុតមាំពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងជំរុញឱ្យមានកិច្ចចរចាជាបន្តបន្ទាប់ទៀត។ ទោះជាយ៉ាងណា ខាងភាគីរុស្ស៊ី ហាក់បានបង្ហាញជំហរច្រានចោលភ្លាមៗផងដែរ។
មហាអំណាចអឺរ៉ុប
ដោយ

ទីភ្នាក់ងារព័ត៌មាន Euronews បានរាយការណ៍ថា យោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាលើវិស័យការពារជាតិនៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី៧ ខែមិថុនា មេដឹកនាំចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានបង្ហាញការគាំទ្រដល់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ក្នុងការអំពាវនាវឱ្យមានកិច្ចចរចាបទឈប់បាញ់ដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី។ លោក ហ្សេឡិនស្គី បានពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក គៀ ស្តារមើរ (Keir Starmer) ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងអធិការបតីអាល្លឺម៉ង់លោក ហ្វ្រីឌ្រិច មើស (Friedrich Merz) ខណៈដែលសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី បានអូសបន្លាយចូលដល់ឆ្នាំទី៥ ហើយ។
នៅក្នុងឱកាសនោះ មេដឹកនាំទាំងបួនបានបញ្ជាក់ថា ពួកគេគាំទ្រសំណើជួបចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដោយមានការចូលរួមជ្រោមជ្រេញយ៉ាងមុតមាំពីសហរដ្ឋអាម៉េរិក និងអឺរ៉ុប ក្នុងគោលបំណងសម្រេចបានបទឈប់បាញ់ រួមទាំងបើកផ្លូវសម្រាប់កិច្ចចរចាសន្តិភាពបន្ថែមទៀត។ សេចក្ដីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថា ខ្សែត្រៀមប្រយុទ្ធនាពេលបច្ចុប្បន្ន គួរតែជាចំណុចចាប់ផ្តើមសម្រាប់ការចរចា ហើយព្រំដែនអន្តរជាតិ មិនគួរត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងយោធានោះឡើយ។
គួររំលឹកថា នៅក្នុងលិខិតចំហមួយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន លោក ហ្សេឡិនស្គី បានស្នើឱ្យមានកិច្ចប្រជុំផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ ប៉ុន្តែសំណើនេះត្រូវបានលោក ពូទីន ច្រានចោលភ្លាមៗ ដោយបានលើកឡើងថា លោក ហ្សេឡិនស្គី បានប្រើប្រាស់ពាក្យសម្តីអសុរោះមួយចំនួន ដែលធ្វើឱ្យលោកមានអារម្មណ៍ថា មិនមានភាពស្មោះត្រង់ឡើយ។ មេដឹកនាំរុស្ស៊ីរូបនេះបានបន្តថា លោកមើលឃើញថា នាពេលនេះគឺគ្មានប្រយោជន៍អ្វីទាល់តែសោះក្នុងការជួបជាមួយលោក ហ្សេឡិនស្គី លើកលែងតែកិច្ចព្រមព្រៀងសន្តិភាពដែលអាចទៅរួច ត្រូវបានឯកភាពគ្នាជាមុនសិន។
សូមបញ្ជាក់ថា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ថា ជាក្រុមប្រទេសអឺរ៉ុប E3 គឺជាអ្នកគាំទ្រដ៏លេចធ្លោបំផុតរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងនោះ ចក្រភពអង់គ្លេស និងបារាំង ក៏បានដឹកនាំគំនិតផ្តួចផ្តើមបង្កើតសម្ព័ន្ធភាពនៃអ្នកមានឆន្ទៈ ដើម្បីផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដែលជាផ្នែកមួយនៃដំណើរការស្វែងរកសន្តិភាពផងដែរ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


តើកម្ពុជាចាំបាច់ត្រូវចរចាបើកច្រកព្រំដែនឡើងវិញជាមួយភាគីថៃដែរឬទេ?

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានលើកឡើងកាលពីពេលថ្មីៗនេះថា ថៃនឹងបញ្ឈប់ការចរចាជាមួយកម្ពុជាតាមរយៈយន្តក…

វិបត្តិឧស្សាហកម្មដែកថែបពិភពលោកកាន់តែធ្ងន់ធ្ងរ ខណៈសមត្ថភាពផលិតលើសតម្រូវការកើនដល់កម្រិតគួរឱ្យព្រួយបារម្ភ

អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានព្រមានថា ឧស្សាហកម្មដែកថែបសកលកំពុងប្រឈមនឹងវិបត្តិកាន់តែធ្ងន់ធ្ងរ ដោយសារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ