ដែនសមុទ្រ

កម្ពុជា-ថៃឯកភាពឱ្យគណៈកម្មការផ្សះផ្សាចុះពិនិត្យកោះ និងដែនសមុទ្រជាក់ស្តែង


តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡាអេ ប្រទេស ហូឡង់ បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ថា កម្ពុជានិងថៃសម្រេចបានវឌ្ឍនភាពដ៏សំខាន់ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ចំណុចគួរឱ្យកត់សម្គាល់ គឺភាគីទាំងពីរបានឯកភាពឱ្យគណៈកម្មការផ្សះផ្សាចុះពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ដែនសមុទ្រដែលពាក់ព័ន្ធ ដើម្បីស្វែងយល់ពីស្ថានភាពភូមិសាស្ត្រដោយផ្ទាល់ និងជួយជំរុញដំណើរការចរចាឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។
ដែនសមុទ្រ
ដោយ

តុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំផ្សះផ្សាលើកទី៣ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ររវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភាគីទាំងពីរបានបង្កើតក្រុមការងារបច្ចេកទេសរួមដែលមានអ្នកជំនាញមកពីប្រទេសទាំងពីរ និងសមាជិកគណៈកម្មការផ្សះផ្សា ដើម្បីពិភាក្សាលើបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។ ជាលទ្ធផលភាគីទាំងពីរបានឈានដល់ការយោគយល់គ្នាលើប៉ារ៉ាម៉ែត្របច្ចេកទេសមួយចំនួន ដែលនឹងប្រើជាមូលដ្ឋានសម្រាប់ការចរចាបន្ត។

ជាមួយគ្នានេះកម្ពុជា និងថៃ ក៏បានឯកភាពលើការរៀបចំដំណើរទស្សនកិច្ចរបស់គណៈកម្មការផ្សះផ្សាទៅកាន់កោះ និងទីតាំងភូមិសាស្ត្រដែនសមុទ្រ ពាក់ព័ន្ធតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះនឹងជួយឱ្យគណៈកម្មការយល់កាន់តែច្បាស់ពីស្ថានភាពជាក់ស្តែង នៃតំបន់ដែលពាក់ព័ន្ធនឹងដំណើរការផ្សះផ្សា។
លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សាបានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំ ដោយចាត់ទុកថា ការយោគយល់គ្នាផ្នែកបច្ចេកទេសនេះនឹងជួយឱ្យការចរចាបន្តទៅមុខកាន់តែមានប្រសិទ្ធភាព។

ចំណែកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
កម្ពុជាបានលើកឡើងថា កម្ពុជា និងថៃនឹងនៅតែជាប្រទេសជិតខាងជានិច្ច។ ឯកឧត្ដមបានស្វាគមន៍ចំពោះវឌ្ឍនភាពនេះ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងទំនុកចិត្តឡើងវិញ ព្រមទាំងស្វែងរកដំណោះស្រាយដោយស្មោះត្រង់ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងតំបន់ទាំងមូល។

ដោយឡែកលោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការចូលរួមដំណើរការផ្សះផ្សានេះប្រកបដោយស្ថាបនាផងដែរ។

គួរបញ្ជាក់ថា ដំណើរការផ្សះផ្សានេះមានគោលបំណងជួយកម្ពុជា និងថៃស្វែងរកចំណុចរួមលើបញ្ហាព្រំដែនសមុទ្រតាមរយៈការសន្ទនា និងការចរចាដោយសន្តិវិធី៕




អត្ថបទបន្ទាប់


តើបណ្តាប្រទេសនៅអាស៊ីឆ្លើយតបបែបណាចំពោះគំនាបពន្ធថ្មីរបស់រដ្ឋបាលលោក ត្រាំ ដើម្បីការពារសេដ្ឋកិច្ច?

បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធគយថ្មីលើប្រទេសចំនួន១៤ យ៉ាងហោចណាស់ប្រទេសចំនួន៨ បានចេញប្រតិកម្មតបតចំពោះវិធានកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ