វិស័យអចលនទ្រព្យ

ហេតុអ្វីអចលនទ្រព្យខ្លះនៅតែគាំងលក់មិនចេញ ទោះដាក់លក់ឡៃឡុង និងលក់បន្ទាន់?


ស្ថិតក្រោមសម្ពាធ នៃវិបត្តិសេដ្ឋកិច្ចសកលដែលមិនទាន់ប្រាកដប្រជា ការហក់ឡើងនៃថ្លៃប្រេងឥន្ធនៈ ការរឹតបន្តឹងឥណទានរបស់ធនាគារ និងការធ្លាក់ចុះប្រាក់ចំណូលបានជំរុញឱ្យគ្រួសារជាច្រើនបង្ខំចិត្តប្រកាសដាក់លក់អចលនទ្រព្យឡៃឡុង និងលក់បន្ទាន់ ក្នុងកំណើនកើនឡើងគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាក្រុមអ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ទោះមានការដាក់លក់ឡៃឡុង ឬលក់បន្ទន់ក្នុងតម្លៃទាបជាងពេលមុនក៏ដោយ តែអចលនទ្រព្យភាគច្រើននៅតែគាំងលក់មិនចេញ ព្រោះតម្លៃដែលពលរដ្ឋប្រកាសលក់នៅតែខ្ពស់ជាងតម្លៃទីផ្សារជាក់ស្តែង។
វិស័យអចលនទ្រព្យ
ដោយ

លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ការប្រកាសដាក់លក់អចលនទ្រព្យដូចជាផ្ទះ និងដីធ្លីឡៃឡុង និងលក់បន្ទាន់មានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះបានអះអាងថា អចលនទ្រព្យទាំងនោះភាគច្រើននៅតែលក់មិនចេញ ដោយសារតម្លៃនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ជាងតម្លៃទីផ្សារជាក់ស្តែង ដោយសារខ្វះការសិក្សាវាយតម្លៃពីអ្នកជំនាញឱ្យបានត្រឹមត្រូវ។

បើតាមអ្នកជំនាញរូបនេះ ស្ថិតក្នុងស្ថានភាពទីផ្សារអចលនទ្រព្យបច្ចុប្បន្នវាជាឱកាសមាសសម្រាប់អ្នកដែលមានធនធាន ពីព្រោះអាចទិញបានក្នុងតម្លៃសមរម្យ។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ថា ទាំងភាគីអ្នកទិញ និងអ្នកលក់គួរតែពឹងផ្អែកលើការវាយតម្លៃពីអ្នកជំនាញឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីធានាថា ប្រតិបត្តិការទិញ-លក់អចលនទ្រព្យទាំងនោះត្រឹមត្រូវស្របតាមស្ថានភាពតម្លៃទីផ្សារពិត និងទទួលបានផលចំណេញ។

ស្រដៀងគ្នានេះលោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចពិតជាបានរុញច្រានឱ្យម្ចាស់ដី និងផ្ទះជាច្រើនប្រកាសលក់ឡៃឡុងពិតប្រាកដមែន ប៉ុន្តែបញ្ហាគន្លឹះ គឺតម្លៃឡៃឡុងនៅលើក្រដាសនៅតែខ្ពស់ជាងតម្លៃទីផ្សារជាក់ស្តែង ដែលអ្នកជំនាញបានសិក្សា ហេតុដូច្នេះហើយទើបចរន្ត នៃការលក់ចេញនៅតែប្រឈមនឹងការស្ទះ។

ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុនបូទីកា និងបុរី ឡុងនី បានគូសបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចសកល តម្លៃប្រេងឥន្ធនៈកើនឡើង និងការរឹតបន្តឹងលក្ខខណ្ឌផ្តល់ប្រាក់កម្ចីពីធនាគារបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនជួបបញ្ហាខ្វះសាច់ប្រាក់ ដែលជំរុញឱ្យពួកគេត្រូវបង្ខំចិត្តដាក់លក់អចលនទ្រព្យក្នុងតម្លៃឡៃឡុងមានការកើនឡើងជាបន្តបន្ទាប់។ ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញរូបនេះយល់ថា វាជាឱកាសសម្រាប់ពលរដ្ឋ និងអ្នកវិនិយោគ ដែលមានធនធាន ដ្បិតអាចទិញអចលនទ្រព្យក្នុងតម្លៃសមរម្យ។ ប៉ុន្តែបញ្ហានេះ ក៏បានផ្តល់បញ្ហាប្រឈមដល់អ្នករកស៊ីលើការផ្គត់ផ្គង់គ្រឿងសំណង់ក្នុងស្រុក ដោយសារតម្រូវការសាងសង់សំណង់អចលនទ្រព្យថ្មីៗមានការធ្លាក់ចុះ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា មូលហេតុដែលធ្វើឱ្យពលរដ្ឋជាច្រើនប្រកាសដាក់លក់ផ្ទះ និងដីឡៃឡុងជាហូរហែរនៅមួយរយៈពេលចុងក្រោយនេះ គឺដោយសារពួកគេភាគច្រើនប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណូល និងរងបន្ទុកជាប់បំណុលធនាគារ ជាពិសេសអ្នកដែលជាប់ពាក់ព័ន្ធនឹងការងារស្កេមអនឡាញនាពេលកន្លងមក ដែលត្រូវបាត់បង់ការងារ និងប្រាក់ចំណូលភ្លាមៗក្នុងរយៈពេលខ្លី។

ទោះជាយ៉ាងណាក្រុមអ្នកជំនាញបានវាយតម្លៃជារួមថា ទោះបីជាទីផ្សារអចលនទ្រព្យជារួមមិនទាន់ស្ទុះងើបឡើងវិញពេញទំហឹង និងមានការដាក់លក់ឡៃឡុងច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែអចលនទ្រព្យណា ដែលមានទីតាំងយុទ្ធសាស្ត្រល្អ គុណភាពសំណង់រឹងមាំ និងមានតម្លៃសមរម្យស្របតាមទីផ្សារពិតប្រាកដ គឺនៅតែមានចរន្តទិញ-លក់ជាហូរហែ៕




អត្ថបទបន្ទាប់


អ្នកផលិតរំពឹងយុទ្ធសាស្ត្រ SME ថ្មី ជួយជំរុញកំណើនផលិតកម្ម និងភាពប្រកួតប្រជែង ខណៈទំនិញរត់ពន្ធ និងតម្លៃថោកនៅតែជាបញ្ហាប្រឈម

ក្រុមអ្នកផលិតក្នុងស្រុកបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ នឹងក្លាយ…

ថៃ បន្តប្រើលេសចោទប្រកាន់កម្ពុជា ដដែលៗ ដើម្បីបិទបាំងទង្វើឈ្លានពាន និងគេចវេះការទទួលខុសត្រូវរឿងបំផ្លាញប្រាសាទព្រះវិហារ

ទោះបីជាពិភពលោកបានឃើញយ៉ាងច្បាស់នូវសក្ខីកម្ម នៃការខូចខាត និងការល្មើសច្បាប់អន្តរជាតិ ពីសំណាក់កងទ័ពថៃ លើប្រាសាទព្រះវិហារក្នុងជម្លោះព្រំដែនក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ