ទិន្នន័យបង្ហាញថា នៅត្រីមាសទី១ដើមឆ្នាំ២០២៦ បរិមាណកុងតឺន័រដឹកឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើងខ្លាំងរហូតដល់ទៅប្រមាណ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ខណៈប្រាក់ចំណូលកើនឡើង៥២% ឈានដល់ប្រមាណ៤៣លានដុល្លារ។ ចំណែកឯប្រាក់ចំណេញសុទ្ធវិញបានកើនឡើងជិត៦ដងឈានដល់ប្រមាណ១៥លានដុល្លារ។ សម្រាប់កំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជានេះ វិបត្តិព្រំដែនបានក្លាយជាកត្តាជំរុញដ៏សំខាន់មួយ។ ប៉ុន្តែសម្រាប់បណ្ដាក្រុមហ៊ុនជប៉ុន វាមានន័យថា ពួកគេត្រូវចំណាយកាន់តែច្រើនដើម្បីរកផ្លូវដឹកជញ្ជូនជំនួស។
ក្រុមហ៊ុនមួយចំនួនត្អូញត្អែរថា ថ្លៃសេវាលើកទូកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ មានកម្រិតខ្ពស់ជាងកំពង់ផែធំៗមួយចំនួននៅប្រទេសជិតខាង។ ការកែប្រែច្បាប់ពាក់ព័ន្ធការផ្ទុកទូកុងតឺន័រក៏បានបង្កការមិនសប្បាយចិត្ត ខណៈអាជីវកម្មមួយចំនួនរាយការណ៍ថា ពួកគេក៏ប្រឈមនឹងការពន្យារពេលក្នុងការដឹកជញ្ជូនផងដែរ។
ទោះជាយ៉ាងណា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអះអាងថា ថ្លៃសេវាផ្លូវការរបស់កំពង់ផែមិនមែនជាបញ្ហាចម្បងនោះទេ ប៉ុន្តែបញ្ហាវាស្ថិតត្រង់ការទាមទារថ្លៃក្រៅផ្លូវការដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំដោះស្រាយ និងលុបបំបាត់។
បញ្ហានេះកើតឡើងស្របពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងប្រឈមនឹងសម្ពាធ។ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៦ ពី៤% មកនៅត្រឹម៣% ខណៈក្រុមហ៊ុនបរទេសមួយចំនួន ក៏កំពុងកាត់បន្ថយវត្តមានរបស់ខ្លួននៅកម្ពុជា។ ដូចនេះសំណួរដ៏សំខាន់ដែលជាចំណោទបញ្ហាសម្រាប់កម្ពុជា ថា តើកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចប្រែក្លាយវិបត្តិព្រំដែនថៃ ទៅជាឱកាសពាណិជ្ជកម្មរយៈពេលវែងបានដែរឬទេ? ឬក៏ការចំណាយខ្ពស់ ភាពយឺតយ៉ាវ និងភាពគ្មានប្រសិទ្ធភាព នឹងធ្វើឱ្យក្រុមហ៊ុនបរទេសចាកចេញពីកម្ពុជា?
សម្រាប់ពេលនេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងទទួលបានផលចំណេញពីការកើនឡើងនៃទំនិញ ប៉ុន្តែអាជីវកម្ម ឬក្រុមហ៊ុននានា ក៏កំពុងទទួលរងនូវថ្លៃដើមកាន់តែខ្ពស់ផងដែរ៕
ដោយ: តែម សុខុម