ទិដ្ឋភាពវិជ្ជមានបំផុតនៃជំនួបនេះ គឺការរក្សាបាននូវការផ្អាកសង្គ្រាមពាណិជ្ជកម្ម និងការបើកផ្លូវឱ្យមានការសន្ទនាបន្ត ប៉ុន្តែភាគីទាំងពីរនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រធានបទប្រឈមមុខដាក់គ្នាដូចជាបញ្ហាកោះតៃវ៉ាន់ ការប្រកួតប្រជែងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការគ្រប់គ្រងរ៉ែកម្រជាដើម។
សារព័ត៌មាន The Straits Times បានរាយការណ័ថា នៅពេលលោក ស៊ី ជីនពីង និងភរិយាទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៣ ខែកញ្ញា លោក ដូណាល់ ត្រាំ បានដឹកដៃស្ត្រីទីមួយអាម៉េរិកទៅរង់ចាំទទួលស្វាគមន៍ដោយផ្ទាល់ដល់កាំជណ្ដើរយន្តហោះ ដែលនេះជាកាយវិការបដិសណ្ឋារកិច្ចដ៏កម្រ និងខុសប្លែកពីទម្លាប់ធម្មតារបស់ប្រធានាធិបតីអាម៉េរិក។ ការរៀបចំទទួលស្វាគមន៍លោក ស៊ី និងភរិយា ព្រមទាំងប្រតិភូជាន់ខ្ពស់ចិននេះ គឺត្រូវបានធ្វើឡើងតាមក្បួនពិធីការកម្រិតកំពូលកម្រិតផ្កាយ៥។ លើសពីនេះគេសង្កេតឃើញមេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរមានជំនួបសន្ទនាយ៉ាងស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹមរស់រវើក។
ដោយឡែកសារព័ត៌មាន BBC បាយរាយការណ៍ថា រូបភាពនៃការជួបគ្នានេះផ្ដល់សញ្ញាវិជ្ជមានយ៉ាងខ្លាំងដល់ស្ថិរភាពសកល ប៉ុន្តែនៅពីក្រោយភាពស្និទ្ធស្នាលនោះ មហាអំណាចទាំងពីរនៅតែមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងលើបញ្ហាតានតឹងធំៗជាច្រើននៅឡើយទេ។
ផ្អែកលើការវិភាគពីសារព័ត៌មានអន្តរជាតិធំៗ ភាពជោគជ័យដ៏សំខាន់នៃជំនួបនេះ គឺការរក្សាបាននូវតុល្យភាព និងការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ដែលជាសញ្ញាបញ្ជាក់ថា អាម៉េរិក និងចិននៅតែអាចគ្រប់គ្រងទំនាក់ទំនងមិនឱ្យធ្លាក់ចូលក្នុងគ្រោះថ្នាក់។ អ្វីដែលជាផលវិជ្ជមានជាក់ស្តែង គឺភាគីទាំងពីរបានព្រមព្រៀងផ្អាកការធ្វើសង្គ្រាមពាណិជ្ជកម្មជាបណ្តោះអាសន្ន ដោយបន្តបើកច្រកចរចាដោះស្រាយបញ្ហាចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ខែមករា ឆ្នាំ២០២៧។
ទោះជាយ៉ាងណាក៏ដោយចំណុចប្រឈមមុខដាក់គ្នាដែលនៅតែជាចំណុចក្តៅនោះ គឺបញ្ហាអធិបតេយ្យភាពកោះតៃវ៉ាន់ ការប្រជែងដណ្តើមឧត្តមភាពបច្ចេកវិទ្យា AI និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រ។
ក្រុមអ្នកតាមដានភូមិសាស្ត្រនយោបាយសកលបានសន្និដ្ឋានថា ជំនួបកំពូលនេះបានបង្ហាញយ៉ាងច្បាស់ថា មហាអំណាចទាំងពីរបានជ្រើសរើសយកការទូតឈ្លាសវៃ ដោយរក្សាបរិយាកាសគោរពគ្នា និងរក្សាស្ថិរភាពទំនាក់ទំនង ដើម្បីបន្តការសន្ទនា ប៉ុន្តែការប្រកួតប្រជែងអំណាច និងភាពតានតឹងស៊ីជម្រៅនៅតែបន្តអូសបន្លាយដដែល៕
ដោយៈ សរ សុជាតិ