យ៉ាងណាមិញការទាមទារសំណងជាក់ស្ដែងនៅតែជាដំណើរការដ៏ស្មុគស្មាញ ដែលតម្រូវឱ្យមានកិច្ចចរចា ការអនុវត្តច្បាប់អន្តរជាតិ និងឆន្ទៈនយោបាយ ខណៈកម្ពុជាត្រូវបន្តប្រើប្រាស់យន្តការពហុភាគី និងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីរក្សាភាពស្របច្បាប់ នៃជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ។
លោកបណ្ឌិត តឹក ម៉េង សាស្រ្តាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្តបានលើកឡើងថា ការអនុម័តជាឯកច្ឆ័ន្ទថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកទាំងឡាយក្នុងពេលជម្លោះប្រដាប់អាវុធរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក កំពុងឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់អន្តរជាតិ ខណៈប្រទេសថៃ និងកម្ពុជា ក៏ជាសមាជិកភាគីនៃអង្គការនេះ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីឱ្យភាគីថៃសងសំណងសម្រាប់ការខូចខាតពីការវាយប្រហារ គឺត្រូវការពេលវេលាយូរ បូករួមទាំងកិច្ចចរចា តែទោះជាយ៉ាងណាក្នុងច្បាប់អន្តរជាតិ តម្រូវឱ្យភាគីជាអ្នកបំផ្លាញសម្បត្តិបេតិកភណ្ឌរបស់ប្រទេសណាមួយ ត្រូវតែផ្ដល់សំណងដល់ប្រទេសនោះ។ យ៉ាងណាមិញអ្នកជំនាញថា អង្គការអន្តរជាតិហាក់មិនមានកម្លាំងសម្រាប់ដាក់បង្ខំដល់ភាគីថៃត្រូវតែធ្វើតាមច្បាប់អន្តរជាតិនោះទេ ដោយកម្ពុជាត្រូវតែប្រកាន់ខ្ជាប់នូវគោលជំហរដោះស្រាយដោយសន្តិវិធី។
ជាមួយគ្នានេះលោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយក៏បានលើកឡើងដែរថា សារដ៏មានទម្ងន់ចេញពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកទៅកាន់ប្រទេសថៃបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អ្វីដែលថៃបានប្រព្រឹត្តមកលើកម្ពុជាត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ដែលតម្រូវឱ្យថៃត្រូវតែផ្ដល់សំណងរាល់ការជួសជុលនូវការខូចខាតទាំងឡាយ ដែលថៃបានបំផ្លិចបំផ្លាញលើកម្ពុជា។ អ្នកជំនាញរូបនេះសង្កេតឃើញថា សហគមន៍អន្តរជាតិកំពុងមានវិធានការជាក់ស្ដែងដាក់សម្ពោធទៅលើភាគីថៃឱ្យមានទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ហើយប្រសិនថៃមិនអនុវត្តតាមទេនោះ ថៃខ្លួនឯងនឹងត្រូវបាក់មុខ និងបាត់ទំនុកចិត្តលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា នាសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៨ កាលពីថ្ងៃទី២៦-២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋកូរ៉េ អង្គប្រជុំបានអនុម័តជាឯកច្ឆន្ទក្នុងការថ្កោលទោសរាល់ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលមានជម្លោះប្រដាប់អាវុធ។ ជាមួយគ្នានោះ សម័យប្រជុំ ក៏បានអំពាវនាវយ៉ាងទទូចដល់រដ្ឋភាគី ដែលមានជម្លោះទាំងអស់ឱ្យធានានូវការការពារសម្បត្តិបេតិកភណ្ឌ និងចៀសវាងដាច់ខាតនូវការប្រើប្រាស់តំបន់បេតិកភណ្ឌសម្រាប់គោលដៅយោធា៕
អត្ថបទដោយ៖ ជា ម៉ារ៉ា