លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានគូសបញ្ជាក់ថា ដំណាំដំឡូងមីរបស់កម្ពុជា នៅតាមតំបន់មួយចំនួនបានចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយនាពេលនេះ ជាមួយនឹងតម្លៃល្អប្រសើរជាងឆ្នាំមុនៗ។ ជាក់ស្តែងដំឡូងមីស្រស់នៅដើមរដូវប្រមូលផលនេះអាចលក់បានក្នុងតម្លៃចន្លោះពី២៩០រៀលទៅ៤៨០រៀលក្នុង១គីឡូក្រាមទៅតាមតំបន់នីមួយៗ។ ភាពល្អប្រសើរនៃតម្លៃដំឡូងមីនេះត្រូវបានជំរុញជាចម្បងដោយសារដំឡូងមីមានកម្រិតជាតិម្សៅខ្ពស់ គួបផ្សំតម្រូវការបញ្ជាទិញនៅលើទីផ្សារមានការកើនឡើង ក្រោយប្រទេសជាច្រើនបានកាត់បន្ថយការដាំដុះ។ តែទោះជាយ៉ាងណាលោកហាក់បារម្ភបាតុភូតអែលនីញ៉ូក្នុងការគំរាមកំហែងដល់កាដាំដុះ ប្រមូលផល និងគុណភាពដំឡូងមីរបស់កម្ពុជានៅឆ្នាំក្រោយ។
ជាមួយគ្នានេះ លោក នួន ណារិន្ទដា កសិករដាំដំឡូងមី នៅខេត្តឧត្តរមានជ័យ ទទួលស្គាល់ថា ដំឡូងមីស្រស់នៅដើមរដូវប្រមូលផលនេះពិតជាមានតម្លៃល្អប្រសើរជាងឆ្នាំមុនៗពិតប្រាកដមែន។ ជាក់ស្តែងនៅតំបន់លោកផ្ទាល់ តម្លៃដំឡូងមីស្រស់អាចលក់ចេញបានចន្លោះពីជាង២០០ទៅជាង៣០០រៀលក្នុង១គីឡូក្រាម ខណៈដំឡូងមីដែលមានកម្រិតជាតិម្សៅល្អអាចលក់បានដល់ប្រមាណ៤០០រៀលក្នុង១គីឡូក្រាម។
គួរជម្រាបថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៦ កម្ពុជា បាននាំចេញដំឡូងមីទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង៥៣០លានដុល្លារកើនឡើងជាង៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕