ការស្នើបែបនេះធ្វើឡើងក្រោយប្រទេសវៀតណាមកាលពីពេលថ្មីៗបានប្រកាសជាផ្លូវការនូវបទបញ្ញត្តិថ្មី ដោយតម្រូវឱ្យនិស្សិតបញ្ចប់ការសិក្សាទាំងអស់ដាច់ខាតត្រូវតែមានសមត្ថភាពផ្នែក AI និងឌីជីថល ដែលនេះជាយុទ្ធសាស្ត្ររៀបចំកម្លាំងពលកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីទាក់ទាញលំហូរវិនិយោគពីបរទេស។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា កម្ពុជាហាក់មានអ្នកជំនាញខាងវិស័យឌីជីថល និង AI នៅមានកម្រិត បើប្រៀបធៀបនឹងបណ្តាប្រទេសនៅក្នុងតំបន់។ ជាងនេះទៅទៀត បើពិនិត្យមើលនៅក្នុងប្រទេស ធនធានទាំងនេះហាក់ប្រមូលផ្តុំច្រើនតែនៅរាជធានីភ្នំពេញ ចំណែកនៅតាមតំបន់ដាច់ស្រយាលវិញ គឺនៅមានឱនភាពខ្លាំងនៅឡើយ។
ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ កម្ពុជានឹងមិនអាចដើរទាន់ប្រទេសវៀតណាម ដែលកំពុងវិវត្តខ្លួនយ៉ាងលឿនក្នុងតំបន់ផ្នែកបញ្ញាសិប្បនិម្មិតបាននោះទេ ប្រសិនបើកម្ពុជាមិនប្រញាប់ប្រញាល់ជំរុញល្បឿនបណ្តុះបណ្តាលលើវិស័យទាំងនេះ។ សម្រាប់អ្នកជំនាញរូបនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជារបត់សម័យថ្មី ដែលប្រទេសតូចៗដូចជាកម្ពុជាចាំបាច់ត្រូវតែបញ្ចូលទៅក្នុងប្រព័ន្ធអប់រំ ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងការស្រូបទាញការវិនិយោគ។
ជាមួយគ្នានេះលោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេខ្យូខេសិនគ្រុបបានលើកឡើងថា កម្ពុជាចាំចាប់ត្រូវតែអភិវឌ្ឍន៍ជំនាញ AI ដល់សិស្សនិស្សិតឱ្យបានគ្រប់គ្រឹះស្ថានអប់រំ ព្រោះជាចលករជួយរុញកម្ពុជាផ្លោះទៅប្រកួតប្រជែងជាមួយប្រទេសក្បែរខាង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
បើតាមឧកញ៉ា ប៉ិច បូឡែន បច្ចុប្បន្នរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញជំនាញ AI នៅក្នុងប្រទេស តែយ៉ាងណាត្រូវការការចូលរួមពីស្ថាប័នឯកជនបន្ថែមទៀត ដើម្បីជាចំណែកអភិវឌ្ឍជំនាញនេះដល់សិស្សនិស្សិត។ ជាក់ស្ដែងសម្រាប់សាលាវេសឡាញរបស់លោកឧកញ៉ា ផ្ទាល់ ក៏បានសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រឹងជំនាញឌីជីថល AI ដល់សិស្សផងដែរ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើវិស័យអប់រំកម្ពុជាមិនបានគិតគូរពីបញ្ហានេះទេ នោះមិនអាចដើរទាន់ប្រទេសវៀតណាម ដែលកំពុងរីកចម្រើនខាងជំនាញនេះបានឡើយ។
ពាក់ព័ន្ធបញ្ហានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងក្នុងសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នៅប្រទេសចិនកាលពីពេលថ្មីៗថា ដោយបានបង្ហាញឆន្ទៈធ្វើទំនើបកម្មលើវិស័យបញ្ញាសិប្បនិម្មិត AI ដើម្បីឆ្លើយតបជាមួយល្បឿននៃដំណើរការអភិវឌ្ឍនៅលើសកលលោក។ ក្នុងនោះកម្ពុជានឹងអនុម័តជាផ្លូវការនូវយុទ្ធសាស្រ្តជាតិស្ដីពីបញ្ញាសិប្បនិម្មិតនាពេលឆាប់ៗខាងមុខនេះ ដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យមូលដ្ឋាន លើកកម្ពស់គុណភាពជីវិត និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
ជាមួយគ្នានេះ កម្ពុជាក៏កំពុងរៀបចំបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ និងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដែលផ្តោតលើអាទិភាពសំខាន់ៗដូចជាការភ្ជិតគម្លាតឌីជីថល ដើម្បីធានាលទ្ធភាពពេញលេញ និងសមធម៌ក្នុងការចាប់យកបច្ចេកវិទ្យា AI ព្រមទាំងការវិនិយោគយ៉ាងខ្លាំងក្លាលើមូលធនមនុស្ស ផ្ដោតលើជំនាញ និងទេពកុសល្យខាងផ្នែក AI ដើម្បីឆ្លើយតបទៅនឹងពិពិធភាពនៃតម្រូវការសេដ្ឋកិច្ច និងសង្គមជាតិ៕
អត្ថបទ៖ ជា ម៉ារ៉ា