គម្រោងវិនិយោគថ្មីៗរបស់ចិន ហូរចូលទៅក្នុងប្រទេសវៀតណាម បានដាំក្បាលចុះជាងពាក់កណ្តាលនៅឆមាសទី១ឆ្នាំនេះ ខណៈវិនិយោគិនសិង្ហបុរី និងកូរ៉េខាងត្បូង កំពុងឆក់យកឱកាសមាសបង្កើនឥទ្ធិពលដើរតួជាអ្នកបោះទុនបរទេសដ៏សំខាន់នៅក្នុងប្រទេស ដែលមានទីផ្សារសក្ដានុពលជាង១០០លាននាក់ នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ក្រុមអ្នកវិភាគបានលើកឡើងថា ចិន បានសម្រេចទម្លាក់ដៃក្នុងការបោះទុនវិនិយោគនៅវៀតណាម ក្រោយទីក្រុងហាណូយ ប្រឈមមុខនឹងការរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើលំហូរពាណិជ្ជកម្មពីសំណាក់សហរដ្ឋអាម៉េរិក ដែលនេះជាចំណុចស្នូល និងជាសមរភូមិដ៏សំខាន់មួយ នៃសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។
ទិន្នន័យផ្លូវការ បានបង្ហាញថា ទោះបីជាវៀតណាម អាចទាក់ទាញគម្រោងវិនិយោគមានតម្លៃសរុបរហូតដល់ជាង៣៤ពាន់លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២៦ ដោយមានកំណើនហក់ឡើង៦១% ក៏ដោយ ប៉ុន្តែទំហំវិនិយោគរបស់ចិន បានបន្តធ្លាក់ចុះមកនៅក្រោមសិង្ហបុរី កូរ៉េខាងត្បូង និងជប៉ុនដដែល។ ជាក់ស្តែងទុនវិនិយោគរបស់ចិន ដែលបានប្រកាសនៅឆមាសទី១ មានតម្លៃត្រឹមតែជាង៩៧៧លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះរហូតដល់ទៅ៥៤% បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២៥ ខណៈដែលសិង្ហបុរី និងកូរ៉េខាងត្បូង បែរជាកំពុងវាយលុកបង្កើនសកម្មភាពវិនិយោគនៅក្នុងប្រទេសនេះយ៉ាងសស្រាក់សស្រាំ។
ស្ថិតិបានបង្ហាញថា នៅឆមាសទី១ នៃឆ្នាំ២០២៦ នេះ សិង្ហបុរី បានដាក់ទុននៅវៀតណាម មានតម្លៃសរុបរហូតដល់ជាង៧ពាន់លានដុល្លារ ខណៈកាលពីឆមាសទី១ ឆ្នាំមុន បានបោះទុនត្រឹមជាង២ពាន់លានដុល្លារប៉ុណ្ណោះ។ ចំណែកឯកូរ៉េខាងត្បូងវិញបានបោះទុនសរុបជាង៥ពាន់លានដុល្លារ ខណៈជប៉ុន បានដាបោះទុនជាង១ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ