រដ្ឋឈូងសមុទ្រ

ហេតុអ្វីបានជាអ៊ីរ៉ង់វាយប្រហារតែលើរដ្ឋឈូងសមុទ្រមិនវាយប្រហារលើនាវាចម្បាំងអាម៉េរិក និងអ៊ីស្រាអែល?


ខណៈដែលសហរដ្ឋអាម៉េរិកបង្កើនការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់ ក៏បានវាយបកសងសឹកវិញយ៉ាងខ្លាំងក្លា និងភ្លាមៗ ដោយតម្រង់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិលរបស់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ និងប្រទេសហ្ស៊កដានី។ ប៉ុន្តែគេសង្កេតឃើញថា អ៊ីរ៉ង់ហាក់បានគេចវេសមិនវាយប្រហារលើនាវាចម្បាំងអាម៉េរិក ដែលដាក់ពង្រាយនៅជិតឆ្នេរសមុទ្ររបស់ខ្លួន និងលើអ៊ីស្រាអែលឡើយ។ អ្នកវិភាគបានលើកឡើងថា យុទ្ធសាស្ត្រនេះមានគោលបំណងដាក់សម្ពាធលើប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងមិនចង់ពង្រីកវិសាលភាពនៃសង្គ្រាមឱ្យកាន់តែធំឡើង
រដ្ឋឈូងសមុទ្រ
ដោយ

សារព័ត៌មាន Aljazeera បានរាយការណ៍នៅថ្ងៃទី២១ ខែកក្កដា ថា ថ្មីៗនេះបន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានបើកការវាយប្រហារលើស្ថានីយរថភ្លើង រោងចក្រអគ្គិសនី បណ្តាញទូរគមនាគមន៍ និងរោងចក្រផលិតទឹកសាបរបស់អ៊ីរ៉ង់ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានវាយបកវិញភ្លាមៗ ដោយតម្រង់ទិសដៅលើព្រលានយន្តហោះស៊ីវិល ស្ថានីយទឹកសាប និងរោងចក្រថាមពលនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន ដើម្បីជាការសងសឹក។
ពាក់ព័ន្ធនឹងបញ្ហានេះលោក អេលៀស ហានណា (Elias Hanna) អ្នកវិភាគយុទ្ធសាស្ត្រយោធា និងជាអតីតឧត្តមសេនីយ៍លីបង់បានគូសបញ្ជាក់ថា ជម្រើសសងសឹករបស់អ៊ីរ៉ង់ដើរលើក្បួនយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់។ លោកបានបញ្ជាក់ថា ការកំណត់គោលដៅវាយប្រហារលើនាវាចម្បាំងអាម៉េរិក វានឹងក្លាយជាខ្សែបន្ទាត់ក្រហម ដែលអាចទាញទម្លាក់អ៊ីរ៉ង់ឱ្យរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចស្រោចស្រង់បានពីសំណាក់យោធាអាម៉េរិក និងសម្ព័ន្ធមិត្ត។ មួយវិញទៀតការវាយប្រហារលើនាវាចម្បាំងអាម៉េរិកមិនមែនជារឿងងាយស្រួលឡើយ ព្រោះនាវាទាំងនោះមានប្រព័ន្ធការពារដែនអាកាសយ៉ាងរឹងមាំ និងទំនើបបំផុតមិនងាយចោះចូលទៅបានឡើយ។
ដោយឡែកជុំវិញសំនួរថា ហេតុអ្វីបានជាទីក្រុងតេអេរ៉ង់បែរជាតម្រង់ចុងកាណុងទៅលើប្រទេសជិតខាងទៅវិញ? លោកស្រី អាទីហ្វេ តាហ្គៀនី (Atifeh Taghiani) សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យតេអេរ៉ង់បានពន្យល់ថា តាំងពីផ្ទុះអាវុធជុំទី១អាម៉េរិកបានប្រែក្លាយមូលដ្ឋានយោធាក្នុងរដ្ឋឈូងសមុទ្រ ជាពិសេសនៅគុយវ៉ែតឱ្យក្លាយជាឈ្នាន់ឈ្លានពានលើអ៊ីរ៉ង់។ លោកស្រី បានអះអាងថា ច្បាប់អន្តរជាតិផ្តល់សិទ្ធិស្វ័យការពារឱ្យអ៊ីរ៉ង់ ក្នុងការវាយបកលើដែនដីណាដែលផ្តល់ទីតាំងឱ្យបរទេសប្រើជាឈ្នាន់វាយប្រហារលើខ្លួន។ លោកស្រីបានបន្ថែមថា អាម៉េរិកមានចេតនារុញឱ្យអ៊ីរ៉ង់សងសឹកលើរដ្ឋជិតខាង ដើម្បីបង្កើតជម្លោះក្នុងតំបន់ឱ្យកាន់តែក្តៅគគុក និងបង្ខំឱ្យតេអេរ៉ង់ធ្លាក់ចូលក្នុងអន្ទាក់សង្គ្រាមមុខព្រួញពីរក្នុងពេលតែមួយ។
គិតត្រឹមថ្ងៃទី២១ ខែកក្កដា នេះ សង្គ្រាមបានឈានដល់យប់ទី១០ នៃការវាយប្រហារឥតឈប់ឈរពីសំណាក់យោធាអាម៉េរិក លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ នៅមូលដ្ឋានមីស៊ីល ក្រោមដី និងបណ្តាញការពារអាកាសអ៊ីរ៉ង់ ដើម្បីបំបាក់សមត្ថភាពយោធាក្រុងតេអេរ៉ង់ អមដោយការឡោមព័ទ្ធផ្លូវទឹកមិនឱ្យនាវាពាណិជ្ជកម្មចេញចូលកំពង់ផែអ៊ីរ៉ង់។ ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ បានបណ្តាលឱ្យទាហានអាម៉េរិក៣នាក់ស្លាប់ និងជិត១០០នាក់រងរបួស ខណៈដែលសមត្ថភាពយោធា និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ត្រូវរងការខូចខាតយ៉ាងដំណំ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ចិន បន្ថយល្បឿនវិនិយោគនៅវៀតណាម ដែលកំពុងស្ថិតក្រោមការតាមដានរបស់អាម៉េរិក

ស្របពេលប្រទេសវៀតណាម កំពុងស្ថិតក្នុងក្រសែភ្នែកត្រួតពិនិត្យយ៉ាងសង្ស័យពីសំណាក់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងលំហូរពាណិជ្ជកម្មត្រីកោណ ចិន-វៀតណាម-អ…

ក្រុមហ៊ុនធំៗចំនួន ២ សហការគ្នាសិក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅក្រុងព្រះសីហនុ

ក្រុមហ៊ុន WorldBridge របស់អ្នកជំនួញដ៏ល្បីឈ្មោះនៅកម្ពុជា អ្នកឧកញ៉ា សៀ ឫទ្ធី បានសម្រេចចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន Cambodia Airports ដែលជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ