វិបត្តិនយោបាយផ្ទៃក្នុងដ៏ស្រួចស្រាល់របស់ហ្វីលីពីន នាពេលនេះ កំពុងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងពីក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយថា តើវាអាចនឹងជះឥទ្ធិពលអវិជ្ជមានដល់តួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានប្តូរវេនអាស៊ានក្នុងការសម្របសម្រួលជម្លោះព្រំដែនដ៏រសើបរវាងកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំកំពូលនាខែវិច្ឆិកា ខាងមុខ ឬយ៉ាងណា?
យោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA កិច្ចដំណើរការជំនុំជម្រះតាមផ្លូវច្បាប់ប្រឆាំងនឹងលោកស្រីអនុប្រធានាធិបតីហ្វីលីពីន សារ៉ា ឌូទែតេ នៅក្នុងព្រឹទ្ធសភា បានចាប់ផ្តើមបើកសវនាការហើយនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ បើទោះបីជាលទ្ធផលចុងក្រោយ និងនីតិវិធីខាងមុខនៅមិនទាន់ប្រកាសច្បាស់លាស់ក្តី ប៉ុន្តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីការផ្ទុះជម្លោះដណ្តើមអំណាចយ៉ាងជ្រៅនៅក្នុងជួររដ្ឋាភិបាលទីក្រុងម៉ានីល ចំពេលដែលប្រទេសនេះកំពុងកាន់ញញួរជាប្រធានប្តូរវេនអាស៊ាន។
តាមពិតទៅវិបត្តិនយោបាយដណ្តើមឥទ្ធិពលនេះ មិនគួរណាកើតឡើងក្នុងពេលដ៏សំខាន់នេះឡើយ ព្រោះយោងតាមច្បាប់ហ្វីលីពីន ត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៨ ឯណោះ ទើបមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ ផ្អែកលើការស្ទង់មតិកន្លងមក លោកស្រី សារ៉ា ឌូទែតេ គឺជាបេក្ខភាពឈានមុខគេដែលមានប្រជាប្រិយភាពខ្ពស់បំផុតក្នុងការស្នងតំណែងជាមេដឹកនាំកំពូល ប៉ុន្តែដើម្បីដើរទៅដល់គោលដៅនោះ លោកស្រី ត្រូវតែជម្រុះរាល់បទចោទប្រកាន់ និងសម្អាតខ្លួននៅក្នុងព្រឹទ្ធសភា ឱ្យបានជាដាច់ខាត ដោយជោគវាសនារបស់លោកស្រី គឺស្ថិតនៅលើការសម្រេចចិត្តរបស់សមាជិកព្រឹទ្ធសភាចំនួន ១៦រូបក្នុងចំណោម២៤រូប។
រឿងរ៉ាវទាំងអស់នេះបើមើលមួយភ្លែតហាក់បីដូចជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ហ្វីលីពីន ប៉ុន្តែកុំភ្លេចថា បើយើងពិនិត្យឱ្យបានស៊ីជម្រៅក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនអាស៊ាន វិបត្តិនយោបាយនេះ ទោះចង់ ឬមិនចង់ វាពិតជាអាចទាញទម្លាក់ទម្ងន់ការទូត និង ឥទ្ធិពលនៃការសម្របសម្រួលជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលហ្វីលីពីនធ្លាប់បានបង្ហាញភាពខ្នះខ្នែងយ៉ាងខ្លាំងកាលពីកិច្ចប្រជុំក្នុងខែមេសា កន្លងទៅ។
តើវិបត្តិផ្ទៃក្នុងរបស់ហ្វីលីពីនអាចប៉ះពាល់ដល់អាស៊ានកម្រិតណា? ជាការពិតណាស់អាស៊ានដំណើរការទៅបានដោយផ្អែកលើគោលការណ៍កុងសង់ស៊ីស ឬការយល់ព្រមជាឯកច្ឆន្ទ ដោយមានប្រធានអាស៊ាន ជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំរបៀបវារៈ បង្កើតកិច្ចប្រជុំសម្របសម្រួល និងការទាក់ទាញឱ្យសមាជិកទាំងអស់ស្វែងរកចំណុចរួម។ ដូច្នេះហើយនៅពេលដែលហ្វីលីពីន កំពុងធ្លាក់ក្នុងអស្ថិរភាពនយោបាយក្នុងស្រុក វានឹងបង្កើតជាផលប៉ះពាល់មួយចំនួនដូចជាថ្នាក់ដឹកនាំកំពូលរបស់ហ្វីលីពីននឹងត្រូវបែងចែកពេលវេលា និងខួរក្បាលភាគច្រើនទៅដោះស្រាយ និងទប់ទល់នឹងវិបត្តិក្នុងស្រុក ដែលធ្វើឱ្យការយកចិត្តទុកដាក់លើបញ្ហាតំបន់ត្រូវថយចុះ, ហ្វីលីពីនអាចនឹងជួបការលំបាកក្នុងការជំរុញ ឬដាក់សម្ពាធការទូតលើរបៀបវារៈធំៗ និងការដោះស្រាយវិបត្តិរសើបៗរបស់តំបន់។ លើសពីនេះ ប្រទេសជិតខាង ឬដៃគូជម្លោះអាចនឹងមើលរំលង ឬមិនសូវផ្តល់តម្លៃលើតួនាទីសម្របសម្រួលរបស់ប្រធានអាស៊ាន ដោយសារតែមើលឃើញពីភាពទន់ជ្រាយ និងភាពមិនចុះសម្រុងផ្ទៃក្នុងរបស់ប្រធានអាស៊ានខ្លួនឯងនោះតែម្តង។
ទោះជាយ៉ាងណាក្រុមអ្នកវិភាគបានសង្កត់ធ្ងន់ថា នេះគ្រាន់តែជាការព្រួយបារម្ភតាមបែបទ្រឹស្តីការទូតប៉ុណ្ណោះ ព្រោះរហូតមកទល់ពេលនេះមិនទាន់មានភស្តុតាងជាក់ស្តែងណាមួយបង្ហាញថា វិបត្តិនយោបាយនៅទីក្រុងម៉ានីល ធ្វើឱ្យយន្តការអាស៊ានទាំងមូលត្រូវគាំងដំណើរការនោះទេ។ ជាងនេះទៅទៀត យើងត្រូវទទួលស្គាល់ការពិតថា យោងតាមធម្មនុញ្ញអាស៊ានប្រធានប្តូរវេនមិនមានឆន្ទានុសិទ្ធិពិសេស ឬអំណាចដាច់ខាតក្នុងការបង្ខិតបង្ខំឱ្យសមាជិកណាមួយធ្វើតាមនោះឡើយ ពោលគឺមានត្រឹមតែតួនាទីជាអ្នកសម្របសម្រួល និងជាអ្នកផ្សះផ្សាតែប៉ុណ្ណោះ។
ដូច្នេះសម្រាប់បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ទោះបីជាប្រធានអាស៊ានមានស្ថិរភាព ឬអស្ថិរភាពក៏ដោយ ក៏ឥទ្ធិពលនៃការដោះស្រាយនៅតែមានដែនកំណត់ ព្រោះសោរគន្លឹះ និងដំណោះស្រាយចុងក្រោយបង្អស់ គឺមិនបានស្ថិតនៅលើកណ្តាប់ដៃរបស់ហ្វីលីពីននោះទេ ពោលគឺអាស្រ័យទាំងស្រុងទៅលើឆន្ទៈនយោបាយពិតប្រាកដ ការយោគយល់ និងការសម្រេចចិត្តទ្វេភាគីរវាងកម្ពុជា និងថៃជាចម្បងតែប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ