អ្វីដែលថៃ កំពុងតែធ្លាក់ចុះនោះ រួមមាន កំណើនសេដ្ឋកិច្ច សមត្ថភាពប្រកួតប្រជែង វិស័យទេសចរណ៍ ឧស្សាហកម្មយានយន្ត ការវិនិយោគ ព្រមទាំងឱកាសការងារសម្រាប់យុវជនជាដើម។
លោក ប្រាវីត រូចាណៈភ្រឹក អ្នកសារជាន់ខ្ពស់របស់សារព័ត៌មាន Khaosod English បានសរសេរបទអត្ថាធិប្បាយមួយដោយជឿជាក់ថា អ្វីដែលកំពុងកើតមាននៅប្រទេសថៃ នាពេលបច្ចុប្បន្នអាចជាសញ្ញាបញ្ជាក់ថា ថៃ កំពុងបោះជំហានចូលដល់ទសវត្សរ៍នៃការបាត់បង់ឱកាសជាលើកទីពីរ។ អ្នកសារព័ត៌មានជើងចាស់រូបនេះ បានបញ្ជាក់ថា ទសវត្សរ៍នៃការបាត់បង់លើកដំបូង គឺកើតឡើងចន្លោះពីខែឧសភា ឆ្នាំ២០១៤ ដល់ខែសីហា ឆ្នាំ២០២៣ ក្រោមការដឹកនាំតាមរយៈរដ្ឋប្រហាររបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដែលបាននាំមកនូវភាពជាប់គាំង និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច បន្ទាប់ពីលោក ប្រាយុទ្ធ បានក្តោបក្តាប់អំណាចអស់រយៈពេល៩ឆ្នាំ ជំហាននៃការធ្លាក់ចូលទៅក្នុងវិបត្តិជាថ្មីនាពេលនេះហាក់ដូចជាមានល្បឿនលឿនជាងមុនទៅទៀត។
អ្វីដែលលោក ប្រាវីត បានគូសបញ្ជាក់ គឺផ្អែកលើអង្គហេតុជាក់ស្តែង ដោយលោកបានសង្កត់ធ្ងន់ថា មកទល់ពេលនេះ ថៃ ជាប្រជាជាតិដែលមានកំណើនសេដ្ឋកិច្ចទាបបំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចសំខាន់ៗទាំង៦ ក្នុងតំបន់អាស៊ាន ពោលគឺកើនឡើងបានត្រឹមតែ១,៩%ប៉ុណ្ណោះ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦ នេះ។ វិស័យដែលធ្លាប់ជាសសរទ្រូងសម្រាប់សេដ្ឋកិច្ចដូចជា ឧស្សាហកម្មយានយន្ត ការវិនិយោគបរទេស និងទេសចរណ៍ កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ខណៈដែលប្រព័ន្ធអប់រំថៃ ធ្លាក់ចុះគុណភាពយ៉ាងខ្លាំងរហូតធ្វើឱ្យយុវជនថៃ ជាច្រើនបាត់បង់កម្លាំងចិត្ត និងលែងមានក្តីសង្ឃឹមលើអនាគតប្រទេសជាតិរបស់ខ្លួន។
ក្រៅពីបញ្ហាផ្ទៃក្នុង បញ្ហាជម្លោះ និងការបិទច្រកព្រំដែនជាមួយកម្ពុជា ក៏ជាឧបសគ្គរាំងស្ទះដល់សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសថៃផងដែរ។ លោក ប្រាវីត បានលើកឡើងថា ទស្សនៈជាតិនិយមជ្រុល និងផលប៉ះពាល់ នៃការបិទព្រំដែនរយៈពេលយូរបានក្លាយជាឧបសគ្គដល់សេដ្ឋកិច្ចតំបន់ព្រំដែន និងចលករសង្គមជាច្រើន។ លោកបានបន្ថែមថា ដោយសារតែការរំខានដោយជម្លោះនយោបាយផ្ទៃក្នុង ជម្លោះជាមួយកម្ពុជានិងវិបត្តិផ្សេងៗទៀត ប្រទេសថៃកំពុងបន្តរសាត់ចេញពីចរន្តនៃការរីកចម្រើននៅក្នុងតំបន់៕
ដោយៈ សរ សុជាតិ