វិស័យពាណិជ្ជកម្ម

តើវៀតណាម កំពុងក្លាយជាមជ្ឈមណ្ឌលទំនិញប្រណីតក្លែងក្លាយឬយ៉ាងណា?


វៀតណាម កំពុងស្ថិតក្នុងចំណុចចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានការសង្ស័យថា ប្រទេសនេះកំពុងក្លាយជាមជ្ឈមណ្ឌលចែកចាយ និងជួញដូរទំនិញប្រណីតក្លែងក្លាយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC អាជ្ញាធរវៀតណាម កំពុងបង្កើនយុទ្ធនាការបង្ក្រាបយ៉ាងខ្លាំងក្លា ខណៈដែលផលិតផលទាំងនេះកំពុងចរាចរណ៍យ៉ាងគគ្រឹកគគ្រេងទាំងក្នុងទីផ្សារងងឹត និងទីផ្សារចំហ។
វិស័យពាណិជ្ជកម្ម
ដោយ

ថ្មីៗនេះសមត្ថកិច្ចវៀតណាម បានបើកប្រតិបត្តិការឆ្មក់ចូលឃ្លាំងស្តុកទំនិញគ្មានស្លាកសញ្ញាមួយកន្លែងនៅតំបន់ជាយក្រុងហូជីមិញ ដោយសមត្ថកិច្ចបានដកហូតស្បែកជើងជាង២៣,០០០គូ ដែលមាន ម៉ាកល្បីៗដូចជា Nike, Adidas, Crocs និង Gucci ជាដើម។ ក្រៅពីស្បែកជើង អាជ្ញាធរវៀតណាម ក៏បានបង្ក្រាបទំនិញប្រណីតក្លែងក្លាយជាច្រើនប្រភេទទៀតរួមមានកាបូប សម្លៀកបំពាក់ និងនាឡិកាដៃផងដែរ។ ទំនិញទាំងនេះមានតម្លៃថោកគួរឱ្យកត់សម្គាល់ ជាក់ស្តែងស្បែកជើងម៉ាកប្រណីតមួយគូ ដែលលក់នៅអឺរ៉ុបមានតម្លៃដល់ទៅ៩០០ដុល្លារ ប៉ុន្តែសម្រាប់ផលិតផលចម្លងនៅផ្សារហូជីមិញមានតម្លៃត្រឹមតែ៣០ដុល្លារប៉ុណ្ណោះ។
អាជីវករលក់ទំនិញនៅផ្សារទំនើប សៃហ្គន ស្វែរ បានលើកឡើងថា ពួកគេមិនប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរនោះទេ ប៉ុន្តែបានបញ្ជាក់ជំហរថា ទំនិញដែលពួកគេលក់មិនមែនជាការបោកប្រាស់ថាជារបស់ពិតនោះទេ តែជាទំនិញចម្លង ដែលអតិថិជនបានដឹង និងពេញចិត្តក្នុងការប្រើប្រាស់។ បើតាមការអះអាងរបស់អាជីវករម្នាក់ អាវយឺតម៉ាក Loewe របស់ពិតអាចមានតម្លៃដល់ទៅ៥០០ដុល្លារ ប៉ុន្តែរបស់ចម្លងមានតម្លៃត្រឹមតែ១៧ដុល្លារប៉ុណ្ណោះ។ ការលក់នេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលមានថវិកាមានកំណត់ ប៉ុន្តែចង់ប្រើប្រាស់ទំនិញដែលមានម៉ូដទាន់សម័យ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កន្លងទៅ វៀតណាមបានបង្ក្រាបករណីទំនិញប្រណីតក្លែងក្លាយសរុបជាង ២៣,០០០ករណី ដែលមានតម្លៃប្រមាណជាង ១៤លានដុល្លារអាម៉េរិក៕




អត្ថបទបន្ទាប់


តើជម្លោះនយោបាយផ្ទៃក្នុងរបស់ហ្វីលីពីន អាចជះឥទ្ធិពលអវិជ្ជមានដល់តួនាទីប្រធានអាស៊ានក្នុងការដោះស្រាយវិបត្តិព្រំដែនកម្ពុជា-ថៃ ដែរឬទេ?

ការប្រេះឆានៃសម្ពន្ធភាពនយោបាយរវាងលោកប្រធានាធិបតី ហ្វឺឌីណាល់ ម៉ាកូស (Ferdinand Marcos Jr.) និងលោកស្រីអនុប្រធានាធិបតី សារ៉ា ឌូទែតេ (Sa…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ