លោកស្រី គ្រីស្តានីណា ចចជីវ៉ា (Kristalina Georgieva) ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបានលើកឡើងបែបនេះកាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ខណៈដែលកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិ IMF ជាមួយក្រុមអ្នករៀបចំគោលនយោបាយមកពីជុំវិញពិភពលោកបានបិទបញ្ចប់នៅទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World។
លោកស្រីបានកត់សម្គាល់ថា កិច្ចប្រជុំប្រចាំឆ្នាំនេះលាយឡំដោយសុទិដ្ឋិនិយម និងការព្រួយបារម្ភ ខណៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងសម្ទុះកំណើនសេដ្ឋកិច្ចនៅអាស៊ីផ្តល់ក្តីសង្ឃឹម ប៉ុន្តែអតិផរណា បំណុលខ្ពស់ សង្គ្រាម និងហានិភ័យអាកាសធាតុ នៅតែជាកង្វល់ចម្បង។ មូលនិធិ IMF បានព្រមានថា ការកើនឡើងផលបត្រ ឬអត្រាប្រាក់ចំណេញពីមូលបត្របំណុលរបស់រដ្ឋាភិបាល និងកម្រិតបំណុលខ្ពស់ កំពុងធ្វើឱ្យការខ្ចីប្រាក់កាន់តែថ្លៃ និងធ្វើឱ្យការគ្រប់គ្រងអតិផរណាកាន់តែស្មុគស្មាញ។
ទន្ទឹមនេះតម្លៃថាមពលក្នុងពិភពលោកបានកើនឡើងចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលចាប់ផ្តើមបញ្ឆេះភ្លើងសង្គ្រាមលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ ការវាយបក និងការរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នបានជំរុញឱ្យតម្លៃថាមពលកើនឡើងនៅទូទាំងពិភពលោក ដែលបន្ថែមសម្ពាធលើគ្រួសារពលរដ្ឋ និងអាជីវកម្ម។
មេ IMF រូបនេះបានបញ្ជាក់ថា បណ្ដាប្រទេសក្រីក្រដែលពឹងផ្អែកលើការនាំចូលប្រេងងាយរងគ្រោះខ្លាំងជាងគេពីការកើនឡើងតម្លៃប្រេងឥន្ធនៈ ព្រោះប្រទេសទាំងនេះទទួលបានអត្ថប្រយោជន៍តិចតួចពីការរីកចម្រើននៃការវិនិយោគលើបច្ចេកវិទ្យា AI ប៉ុន្តែត្រូវប្រឈមនឹងការចំណាយលើថាមពលកាន់តែខ្ពស់។ លោកស្រី ក៏បានព្រមានដែរថា ចំណែកប្រាក់ចំណូលរបស់រដ្ឋាភិបាល ដែលត្រូវប្រើសម្រាប់សងបំណុលនៅក្នុងប្រទេសចំណូលទាបបានកើនឡើងពី៨%ដល់១៤%នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
មូលនិធិ IMF ប្តេជ្ញាជួយប្រទេសដែលងាយរងគ្រោះក្នុងការរៀបចំបំណុល ពង្រឹងការប្រមូលចំណូលក្នុងស្រុក ទាក់ទាញហិរញ្ញប្បទានអន្តរជាតិ និងជំរុញការវិនិយោគឯកជន។ ជាមួយគ្នានេះ លោកស្រី គ្រីស្តានីណា ចចជីវ៉ា ក៏បានសង្កត់ធ្ងន់លើលក្ខខណ្ឌដែលត្រូវកំណត់វិធានការការពារសម្រាប់ AI កម្រិតខ្ពស់ ដោយព្រមានថា ការពឹងផ្អែកខ្លាំងពេកលើប្រភពកំណើនសេដ្ឋកិច្ចតែមួយអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែងាយរងគ្រោះ៕
ដោយ: តែម សុខុម