ភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាននៅតែបន្តឆេះ ខណៈដែលអ័ព្ទពុលកំពុងរាលដាលទៅកាន់ប្រទេសជិតខាងបង្កហានិភ័យដល់សុខភាពប្រជាជននៅទូទាំងតំបន់។
អាស៊ានបានប្រកាសការប្រុងប្រយ័ត្នកម្រិតទី៣ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រព័ន្ធប្រកាសអាសន្នចំនួន៤កម្រិត ដោយព្រមានពីហានិភ័យខ្ពស់ នៃអ័ព្ទពុលឆ្លងដែនក្នុងតំបន់។
ដើម្បីដោះស្រាយបញ្ហានេះ ឥណ្ឌូនេស៊ីបានបញ្ចេញទឹកកកស្ងួតចំនួន២,៤តោននៅអាកាសយានដ្ឋានមួយក្នុងខេត្តស៊ូម៉ាត្រា ភាគខាងត្បូង ដើម្បីជួយទប់ស្កាត់អ័ព្ទ ខណៈចំណុចក្តៅនៃភ្លើងឆេះនៅតែបន្តកើតមាននៅកោះកាលីម៉ាន់តាន់ និងកោះស៊ូម៉ាត្រា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Ground News កាលពីថ្ងៃទី១៧ ខែតុលា។
នៅប្រទេសម៉ាឡេស៊ី ស្ថានីយត្រួតពិនិត្យជាច្រើនបានរកឃើញកម្រិតបំពុលខ្យល់មិនល្អដល់សុខភាព ដោយតំបន់ប៉ាសៀ ហ្គូដាង បានកត់ត្រាសន្ទស្សន៍បំពុលខ្យល់រហូតដល់២០០ពិន្ទុ។ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានណែនាំប្រជាជនឱ្យពាក់ម៉ាស់នៅពេលចេញក្រៅ ដើម្បីកាត់បន្ថយការប៉ះពាល់នឹងភាគល្អិតល្អិតៗដែលអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធដង្ហើម។
ជាមួយគ្នានេះ សិង្ហបុរីគ្រោងចេញការព្រមានដល់ក្រុមហ៊ុនចំនួន៧នៅឥណ្ឌូនេស៊ី ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាប់ពាក់ព័ន្ធករណីភ្លើងឆេះព្រៃនេះ។ ចំណែកឯហ្វីលីពីនបានឱ្យដឹងថា បញ្ហាអ័ព្ទពុលនេះនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំត្រៀមមុនកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល ក្នុងខែវិច្ឆិកា ខាងមុខ។ វិបត្តិអ័ព្ទពុលនេះមិនត្រឹមតែប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កការព្រួយបារម្ភកាន់តែខ្លាំងអំពីសុខភាពសាធារណៈនៅទូទាំងអាស៊ីអាគ្នេយ៍ផងដែរ៕
ដោយ: តែម សុខុម